(កៀវ)៖ អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេច ក្នុងករណីដែលកងកម្លាំង ប្រដាប់អាវុធបេឡារុស អាចនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីធ្វើតេស្ដលើការត្រៀមខ្លួនប្រយុទ្ធ របស់ពួកគេ ហើយអះអាងថាមិនមែនដើម្បីគំរាមកំហែងប្រទេសជិតខាងណាមួយនោះទេ។

លោក អាន់ឌ្រី ដេមឆិនកូ (Andriy Demchenko) អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «យើងមិនអាចមើលស្រាលបានទេថារុស្ស៊ី អាចនឹងប្រើប្រាស់ទឹកដីនៃប្រទេសបេឡារុស ឬកងកម្លាំងប្រដាប់អាវុធបេឡារុស្ស ដើម្បីប្រឆាំងនឹងអ៊ុយក្រែន។ ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេច ខណៈសន្តិសុខនៅព្រំដែនជាមួយបេឡារុស ត្រូវបានរឹតបន្តឹងចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ»

លោកបន្ថែមថា «អ៊ុយក្រែនក៏បានពង្រឹងព្រំដែនរបស់ខ្លួនជាមួយតំបន់គាំទ្ររុស្ស៉ី ត្រេនស្នីស្ទ្រៀ (Transdniestria) ផងដែរ ជាទីដែលភាពតានតឹង បានកើនឡើង ចាប់តាំងពីអាជ្ញាធរប្រកាសថាតំបន់នេះបានទទួលរងការវាយប្រហារជាបន្តបន្ទាប់»

គួរបញ្ជាក់ថា ទឹកដីអ៊ុយក្រែនដែលនៅជាប់នឹងប្រទេសបេឡារុស បានស្ថិតនៅក្រោមការវាយលុកដំណាក់កាលដំបូងរបស់រុស្ស៉ី។ ប៉ុន្តែក្រោយមក រុស្ស៊ី បានបង្វែរគោលដៅវាយប្រហារទៅកាន់តំបន់ភាគខាងកើត និងភាគអាគ្នេយ៍វិញ៕