(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រទេសរបស់លោកនឹងមិនចុះកិច្ចព្រមព្រៀងណាមួយ ជាមួយទីក្រុង មូស្គូឡើយ បើកងទ័ពរុស្ស៉ីមិនព្រមដកចេញពីទឹកដីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយរៀបចំឡើងដោយកាសែត Wall Street Journal នៅថ្ងៃពុធសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនទទួលយកបទឈប់បាញ់ណាមួយនោះទេ ប្រសិនបើបទឈប់បាញ់ ឬកិច្ចព្រមព្រៀងនោះ នៅតែអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីបន្តមានវត្តមាន នៅលើទឹកដីអ៊ុយក្រែន ដែលពួកគេកំពុងកាន់កាប់»។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនរូបនេះមិនបានបញ្ជាក់លម្អិតនោះទេ។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី ទាហានអ៊ុយក្រែនបានបញ្ឈប់ការឈ្លានពានរបស់រុស្ស៉ីនៅក្នុងសង្រ្គាមដំណាក់កាលទី១ ហើយក្នុង ដំណាក់កាលទី២ នាពេលបច្ចុប្បន្ន អ៊ុយក្រែននឹងបណ្ដេញទាហានរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន និងនៅដំណាក់កាលទី៣ អ៊ុយក្រែននឹងស្ដារឡើងវិញ នូវបូរណភាពទឹកដីទាំងស្រុង៕