(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក New York Times នៅថ្ងៃពុធសប្ដាហ៍នេះបានរាយការណ៍ថាសហរដ្ឋអាមេរិកបានផ្ដល់ព័ត៌មានសម្ងាត់មួយចំនួន ដែលបានជួយដល់ទាហានអ៊ុយក្រែនក្នុងការសម្លាប់ឧត្ដមសេនីយ៍រុស្ស៉ីជាច្រើននាក់ ដែលបានស្លាប់នៅក្នុងសង្រ្គាម។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពបានមកពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក, New York Times បានឱ្យដឹងទៀតថាទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ឱ្យអ៊ុយក្រែននូវព័ត៌មាន លម្អិតពាក់ព័ន្ធនឹងចលនាកងទ័ព និងទីតាំង ព្រមទាំងព័ត៌មានពីទីបញ្ជាការចល័តរបស់រុស្ស៉ី ហើយអ៊ុយក្រែនបានប្រើព័ត៌មានទាំងនេះគួបផ្សំជាមួយ ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន ដើម្បីបើកការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារជាច្រើនដទៃទៀតដែលបានសម្លាប់ឧត្ដមសេនីយ៍រុស្ស៉ី ជាច្រើននាក់។ ប៉ុន្តែ មន្ទីរបញ្ចកោណ និងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយណាមួយឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់ New York Times នៅឡើយទេ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក, ក្រុមមន្ត្រីអ៊ុយក្រែនបានអះអាងថាទាហានរបស់ខ្លួនបានសម្លាប់ឧត្ដមសេនីយ៍រុស្ស៉ី ១២នាក់ ខណៈ មន្ត្រីអាមេរិក មិនបានបញ្ជាក់លម្អិតថាតើឧត្ដមសេនីយ៍រុស្ស៉ីប៉ុន្មាននាក់ត្រូវបានសម្លាប់នោះទេ៕