(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃពុធនេះបានបដិសេធការរំពឹងទុកដែលថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងប្រកាសសង្គ្រាមលើអ៊ុយក្រែន និងប្រកាសការចល័តជាតិនៅថ្ងៃទី០៩ ខែឧសភាខាងមុខ នៅពេលដែលរុស្ស៊ីប្រារព្ធពិធីរំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២។

រហូតមកដល់ពេលនេះ លោក ពូទីន បានពណ៌នាសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ជាជាងសង្រ្គាម។ ប៉ុន្តែអ្នកនយោបាយលោកខាងលិច និងអ្នកសង្កេតការណ៍រុស្ស៊ីមួយចំនួនបានប៉ាន់ស្មានថា លោកអាចនឹងរៀបចំសម្រាប់សេចក្តីប្រកាសដ៏សំខាន់មួយនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមើលឃើញពីសេណារីយ៉ូជាច្រើនដែលអាចកើតមាន ដូចជាការប្រកាសសង្រ្គាមច្បាស់លាស់ ឬការប្រកាសជ័យជម្នះ។

នៅពេលសួរអំពីការរំពឹងទុកថា លោក ពូទីន នឹងប្រកាសសង្រ្គាមលើអ៊ុយក្រែននៅថ្ងៃទី ៩ ឧសភា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «គ្មានរឿងបែបនេះនឹងកើតឡើងទេ។ វាជារឿងមិនសមហេតុសមផលទេ»

លោក Peskov បានបន្ថែមថា ប្រជាជនមិនគួរស្តាប់ការរំពឹងទុកដែលការសម្រេចចិត្តលើការចល័តជាតិ អាចត្រូវបានធ្វើឡើងនោះទេ។

គួរបញ្ជាក់ថា ទិវាជ័យជំនះ ដែលត្រូវនឹងថ្ងៃទី៩ នៃខែឧសភានេះ គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី និងជាការចងចាំនៃការលះបង់ដ៏ធំរបស់សូវៀតដែលបានធ្វើឡើងក្នុងអំឡុងពេលការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់នៅក្នុងអ្វីដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថាជាសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ៕