(កៀវ)៖ មន្រ្តីប្រចាំតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៉ី នៅឯតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេសអ៊ុយក្រែន បានសម្លាប់ជនស៊ីវិលយ៉ាតិច២១នាក់ និងរបួសចំនួន២៧នាក់ដែលជាអត្រាស្លាប់ខ្ពស់បំផុតក្នុងរយៈពេល១ខែ។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។ តាមរយៈបណ្តាញតេឡេក្រាម អភិបាលតំបន់ដូណេត លោក ប៉ាវឡូ គីរីលេនកូ (Pavlo Kyrylenko) បានសរសេរថា «យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ ត្រូវបានសម្លាប់ក្នុងការបាញ់ផ្លោងរបស់រុស្ស៉ីលើរោងចក្រ កូកាកូឡា ដែលស្ថិតនៅទីក្រុង អាវឌីវវ៉ា (Avdiivka) របស់អ៊ុយក្រែន ខណៈដែលមនុស្សចំនួន៥នាក់ទៀត ត្រូវបានសម្លាប់នៅជាយក្រុង លីមែន(Lyman), ៤នាក់ នៅយូឡេដា (Vuhledar), ១នាក់ នៅក្នុងភូមិវេលីកាណូវ៉ូស៊ីកា (Velyka Novosilka), និង១នាក់ទៀត នៅឯសេនដ្រីហ្គោលូវ (Shandrygolove) ដែលចំនួននេះគឺខ្ពស់បំផុតបន្ទាប់ការវាយប្រហារស្ថានីយ៍រថភ្លើង ក្រាម៉ាស្តុស (Kramatost)។ លោកបន្ថែមថា «រាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិ នៅលើទឹកដីរបស់យើង រុស្ស៉ីនឹងត្រូវទទួលទោស»។

ដោយឡែកអភិបាលតំបន់ លូហាន់ (Luhansk) លោក សឺហី ហាយដាយ (Serhiy Haidai) ក៏បានឲ្យដឹងតាមបណ្តាញតេឡេក្រាមដែរថា ការវាយប្រហារ ឬការបាញ់ផ្លោង កើតមានកាន់ខ្លាំងនៅក្នុងតំបន់ លូហាន់ ជាពិសេសគឺនៅជុំវិញទីក្រុងប៉ូប៉ាស្នា (Popasna) ជាកន្លែងដែលពិបាកក្នុងការរៀបចំការជម្លៀសពលរដ្ឋចេញពីទីនោះ។ លោកបន្ថែមថា «បច្ចុប្បន្ននេះ តំបន់លូហាន់គឺគ្មានសុវត្ថិភាពនោះទេ»។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានបង្វែរគោលដៅវាយប្រហារ ទៅកាន់ភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីកៀវ ខណៈដែលទីក្រុងមូស្គូព្យាយាមកំណត់ការចូលទៅកាន់សមុទ្រខ្មៅ ដែលជាច្រកផ្លូវដ៏សំខាន់ ក្នុងនាំចេញរបស់អ៊ុយក្រែន៕