(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ដឺ លីយែន (Ursula von der Leyen) នៅថ្ងៃពុធនេះ បានរៀបរាប់ពី ផែនការសម្រាប់កញ្ចប់ទណ្ឌកម្មថ្មីទៀត ដែលនឹងត្រូវព្រមព្រៀងគ្នាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីដាក់ទៅលើប្រទេសរុស្ស៉ី ឆ្លើយតបវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

បើតាមលោកស្រី von der Leyen កញ្ចប់ទណ្ឌកម្មខាងលើ នឹងផ្តោតសំខាន់លើចំណុចចំនួន៤ រួមមាន៖ ក្រុមមន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ី ដែលបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមនៅក្រុង ប៊ូឆា (Bucha) និងម៉ារីយូប៉ូល (Mariupol) នឹងត្រូវកំណត់ជាគោលដៅ។ ចំណែក ស្បឺប៊ែង (Sberbank) ដែលជាធនាគារធំបំផុតរបស់រុស្ស៉ី នឹងត្រូវកាត់ផ្តាច់ចេញពី ប្រព័ន្ធឆ្លើយឆ្លងសារហិរញ្ញវត្ថុជាសកលរវាងធនាគារ ហៅថា SWIFT។

បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន៣ ដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង នឹងត្រូវកាត់ផ្តាច់ចេញពីបណ្តាញខ្សែកាប, ផ្កាយរណប និងអ៉ីនធើណិតរបស់ EU។ បើតាមលោកស្រី von der Leyen សហភាពអឺរ៉ុប ក៏នឹងបញ្ចប់ការពឹងផ្អែកលើប្រេងរបស់រុស្ស៉ីផងដែរ ដោយការនាំចូលប្រេងឆៅ និងផលិតផលចម្រាញ់រួច ទៅកាន់ EU នឹងត្រូវហាមឃាត់នៅត្រឹមចុងឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា ទណ្ឌកម្មខាងលើ គឺជាកញ្ចប់ទណ្ឌកម្មជុំទី៦ ហើយ របស់សហភាពអឺរ៉ុប គិតចាប់តាំងពីរុស្ស៉ី បានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕