(វ៉ាទីកង់)៖ សម្តេចប៉ាប ហ្រ្វង់ ស៉ីស បានមានបន្ទូលក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្តេចបានស្នើឱ្យមាន ជំនួបនៅឯទីក្រុងមូស្គូជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យសង្រ្គាមនៅអ៊ុយក្រែន អាចបញ្ចប់ទៅវិញ ប៉ុន្តែមិនទាន់ទទួលបាន ការឆ្លើយតបនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

សម្តេចប៉ាប បានមានបន្ទូលប្រាប់កាសែតអ៉ីតាលី ខ័ររៀ ឌេឡា សេរ៉ា (Corriere Della Sera) ថា ពេលសង្រ្គាមនៅអ៊ុយក្រែន ឈានដល់ប្រមាណជា ៣សប្តាហ៍ សម្តេចបានចាត់ប្រមុខការទូតរបស់បុរីវ៉ាទីកង់ ឱ្យផ្ញើសារមួយទៅកាន់លោក ពូទីន។ សារនោះគឺចង់ប្រាប់ថា សម្តេចស្ម័គ្រព្រះទ័យ យាងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ប៉ុន្តែទាល់តែមានការស្វាគមន៍ពីវិមានក្រឹមឡាំង។ មកទល់ពេលនេះ សម្តេចមិនទាន់ទទួលបាន ការឆ្លើយតបនៅឡើយទេ ហើយកំពុងតែទទួចបន្តទៀតទាក់ទងនឹងរឿងនេះ។

គួរបញ្ជាក់ថា មុនកិច្ចសម្ភាសន៍ខាងលើ សម្តេចសង្ឃកាតូលិកអង្គនេះ មិនធ្លាប់បានលើកឡើងដោយចំៗ អំពីប្រទេសរុស្ស៉ី ឬឈ្មោះ លោក ពូទីន ជាសាធារណៈឡើយ ចាប់តាំងពីសង្រ្កាមបានផ្ទុះឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្តែសម្តេចក៏មិនបានបន្សល់ទុកមន្ទិលសង្ស័យដែរ ជុំវិញជំហររបស់សម្តេចចំពោះវិបត្តិអ៊ុយក្រែន តាមរយៈការរិះគន់ធ្ងន់ៗដោយប្រើពាក្យដូចជា «ការបង្កហេតុដោយគ្មានហេតុផល» និង «ការឈ្លានពាន» ជាដើម ហើយសម្តេចប៉ាប ក៏បានសម្តែងភាពសោកសៅចំពោះ ការប្រព្រឹត្តអំពើឃោរឃៅប្រឆាំងជនស៉ីវិលផងដែរ។

ដោយឡែក នៅពេលសួរពាក់ព័ន្ធ ការយាងទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន ដែលសម្តេចប៉ាប ហ្រ្វង់ ស៉ីស ធ្លាប់បង្ហើបឱ្យដឹងថា ជាលទ្ធភាពអាចទៅរួចនោះ គឺសម្តេចបានគូសបញ្ជាក់វិញថា សម្តេចនឹងមិនយាងទៅឡើយ សម្រាប់ពេលនេះ ព្រោះសម្តេចចង់ទៅទីក្រុងមូស្គូ ដើម្បីជួបជាមួយលោក ពូទីន ជាមុនសិន៕