(បែរឡាំង)៖ អាល្លឺម៉ង់ បានប្រកាសពីការគាំទ្ររបស់ខ្លួនចំពោះការទទួលយក ហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិករបស់អង្គការណាតូ (NATO) បន្ទាប់ពីប្រទេសដែលរក្សាអព្យាក្រឹតជាយូរមកហើយទាំងពីរនេះ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីបញ្ចប់ជំនួបបិទទ្វារ ជាមួយសមភាគីហ្វំាងឡង់ និងស៊ុយអែត នៅក្បែរទីក្រុងបែរឡាំង, អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានប្តេជ្ញាគាំទ្រប្រទេសទាំងពីរ ដើម្បីចូលរួមជាមួយប្លុកយោធាលោកខាងលិច ប្រសិនបើពួកគេសម្រេចដាក់ពាក្យស្នើសុំ ដោយគូសបញ្ជាក់ថា «សម្រាប់ពួកយើង វាច្បាស់ណាស់ថានឹងគាំទ្រចំពោះសមាជិកភាពថ្មីនេះ សូម្បីតែមុនពេលចូលជាសមាជិក NATO ក៏ដោយ ក៏ពួកគេអាចពឹងផ្អែកលើការគាំទ្ររបស់អាល្លឺម៉ង់បានដែរ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Scholz ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ដែលថា ទីក្រុងហែលស៊ិនគី (Helsinki) អាចប្រកាសពីការចូលជាសមាជិករបស់ NATO នៅដើមសប្តាហ៍ក្រោយ ប៉ុន្តែលោកប្រធានាធិបតី សលលី នីនីស្តូ (Sauli Niinisto) អាចនឹងពន្យារពេលការប្រកាសនេះរហូតដល់ថ្ងៃទី១២ ខែឧសភា ខណៈដែលទីក្រុងស្តុកខុល (Stockholm) នៅមិនទាន់ប្រាកដថានឹងធ្វើបែបណានោះទេ ដោយសារតែសភាជាតិរបស់ប្រទេសនេះ កំពុងធ្វើការពិនិត្យឡើងវិញនូវគោលយោបាយសន្តិសុខ មុនពេលការសម្រេចត្រូវបានធ្វើឡើង៕