(សេអ៊ូល)៖ កូរ៉េខាងត្បូង បានរាយការណ៍ឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលបាលិស្ទីគមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រនៃភាគខាងកើតតំបន់ឧបទ្វីបកូរ៉េនៅថ្ងៃពុធនេះ ប្រហែលមួយសប្ដាហ៍បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានប្ដេជ្ញាអភិវឌ្ឍកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងល្បឿនលឿនបំផុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

អគ្គសេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង (JCS) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញការបាញ់សាកល្បងមីស៉ីលរបស់កូរ៉េខាងជើង នៅវេលាប្រហែលថ្ងៃត្រង់ចេញពីតំបន់ ស៊ូណាន (Sunan) ជាទីដែលអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាងស្ថិតនៅ។ នេះជាការបាញ់សាកល្បងមីស៉ីលលើកទី១៤ ក្នុងឆ្នាំ២០២២ ដែលកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) ចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភាខាងមុខនេះ ហើយការបាញ់សាកល្បងមីស៉ីលចុងក្រោយបំផុត បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅនេះ ក្នុងគោលបំណងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស។

JCS បានបន្ថែមថា «ការបាញ់សាកល្បងមីស៊ីល បាលិស្ទីគរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ មិនត្រឹមតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ថែមទាំងដល់សហគមន៍អន្តរជាតិផងដែរ» ដោយជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងពន្លឿនការអភិវឌ្ឍន៍ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន ខណៈពេលដែលកំពុងត្រួតពិនិត្យព្យុហយាត្រាយោធាដ៏ធំមួយ ស្របពេលដែលកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅតែជាប់គាំង៕