(មីស្កិ៍)៖ ក្រសួងការពារជាតិបេឡារុស ដែលជាប្រទេសជិតខាងអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរបស់បេឡារុសបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំភ្លាមៗ នៅថ្ងៃពុធនេះ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបេឡារុស, «សមយុទ្ធនេះត្រូវបានគ្រោងទុក សម្រាប់ការសាកល្បងសមត្ថភាពប្រយុទ្ធរបស់កម្លាំងទ័ព ក៏ដូចជាការចល័តយានយន្តរបស់យោធានៅលើផ្លូវសាធារណៈ»។ ចំពោះមុខការលើកឡើងថា បេឡារុស ជាអ្នកគាំទ្រការលុកលុយរបស់របស់រុស្ស៉ី លើអ៊ុយក្រែន ក្រសួងការពារជាតិបានអះអាងថា សមយុទ្ធនេះមិនបានគំរាមកំហេង ដល់ប្រទេសជិតខាងរបស់ខ្លួន ឬ សហភាពអឺរ៉ុបនោះទេ។

គួរបញ្ជាក់ថា បេឡារុស គឺជាសម្ព័ន្ធមិត្តជិតស្និទរបស់រុស្ស៉ី ដែលហៅសកម្មភាពរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន ថាជាប្រតិបត្តិការយោធាពិសេស។ ទឹកដីអ៊ុយក្រែនដែលនៅជាប់នឹងបេឡារុសរួមទាំងរដ្ឋធានីកៀវ បានស្ថិតក្រោមការវាយប្រហាររបស់រុស្ស៉ីដំណាក់កាលដំបូង កាលពីចុងខែកុម្ភៈ ក្រោយពីរុស្ស៉ី-បេឡារុស បានធ្វើសមយុទ្ធរួមគ្នា ខណៈដែលបច្ចុប្បន្នរុស្ស៉ី បានផ្តោតការវាយប្រហារ ទៅកាន់តំបន់ភាគខាងកើត និង ភាគអាគ្នេយ៍របស់អ៊ុយក្រែន៕