(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីបារាំងរបស់លោកថា បណ្ដាប្រទេសលោកខាងលិចអាចជួយបញ្ឈប់ ឧក្រិដ្ឋកម្មសង្រ្គាម ឬអំពើឃោរឃៅដែលប្រព្រឹត្តដោយទាហានអ៊ុយក្រែនបាន ប្រសិនបើពួកគេប្រើឥទ្ធិពលរបស់ខ្លួនលើទីក្រុងកៀវ និងបញ្ឈប់ការផ្ដល់អាវុធ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

លោក ពូទីនធ្វើការកត់សម្គាល់ខាងលើក្នុងកិច្ចសន្ទនាតាមទូរស័ព្ទចាយពេលជាង ២ម៉ោង ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអង្គារសប្ដាហ៍នេះដោយផ្ដោតជាសំខាន់លើសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងការជម្លៀសប្រជាជនស៊ីវិលចេញពី រោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol។

ថ្លែងនាឱកាសនោះ លោក ពូទីន បានបញ្ជាក់់ដូច្នេះថា «បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប មិនបានអើពើឡើយចំពោះឧក្រិដ្ឋកម្ម សង្រ្គាមប្រព្រឹត្តដោយទាហានអ៊ុយក្រែន, ការបាញ់ផ្លោងលើទីក្រុងជាច្រើនក្នុងតំបន់ដុនបាស់ ដែលបណ្ដាលឱ្យជនស៊ីវិលជាច្រើននាក់ បាត់បង់ជីវិត»។ លោកបន្ថែមថា លោកខាងលិចអាចជួយបញ្ឈប់អំពើឃោរឃៅទាំងនោះបាន តាមរយៈការប្រើឥទ្ធិពលរបស់ខ្លួនលើ ទីក្រុងកៀវ ព្រមទាំងបញ្ឈប់ការផ្ដល់អាវុធឱ្យអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង, លោក ម៉ាក្រុងស្ថិតនៅក្នុងចំណោមមេដឹកនាំលោកខាងលិចមួយចំនួនតូចដែលនៅបន្តរក្សាកិច្ចសន្ទនា ដោយផ្ទាល់ជាមួយលោក ពូទីន ចាប់តាំងសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ដោយឡែក នៅក្នុងកិច្ចសន្ទនាជាមួយ លោក ពូទីន, លោក ម៉ាក្រុងក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះវិបត្តិសន្តិសុខស្បៀងអាហារនៅជុំវិញពិភពលោក ដោយសារតែ សង្រ្គាមអ៊ុយក្រែន៕