(ប៉េកាំង)៖ ក្នុងអំឡុងពេលនៃការសិក្សាជាសមូហភាពលើកទី៣៨ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោកXi Jinping បានសង្កត់ធ្ងន់ថាត្រូវធ្វើឲ្យមានបទដ្ឋានស្របតាមច្បាប់ និងណែនាំឱ្យដើមទុនរបស់ចិនទទួលបាន ការអភិវឌ្ឍប្រកបដោយភាពរឹងមាំព្រមនឹងដើរតួនាទី យ៉ាងសកម្មក្នុងផលិតកម្ម។

នៅរសៀលថ្ងៃទី ២៩ ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការសិក្សាជាសមូហភាពលើកទី៣៨ ស្តីពីការធ្វើឱ្យមានបទដ្ឋានស្របតាមច្បាប់ និងណែនាំឱ្យដើមទុនរបស់ចិន ទទួលបានការអភិវឌ្ឍប្រកបដោយភាពរឹងមាំ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសង្កត់ធ្ងន់នៅពេលធ្វើជាអធិបតីក្នុងការសិក្សាលើកនេះថា ដើមទុនគឺជាកត្តាសំខាន់នៃផលិតកម្ម នៅក្នុងសេដ្ឋកិច្ចទីផ្សារសង្គមនិយម។

ការធ្វើឱ្យមានបទដ្ឋាននិងណែនាំការអភិវឌ្ឍនៃដើមទុន ក្រោមលក្ខខណ្ឌនៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម មិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ចសំខាន់ប៉ុណ្ណោះទេ ក៏ជាបញ្ហានយោបាយសំខាន់ផងដែរ វាជាបញ្ហាអនុវត្តសំខាន់មួយ ហើយក៏ជាបញ្ហាទ្រឹស្តីសំខាន់ផងដែរ ដែលទាក់ទងនឹងការប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចសង្គមនិយមជាមូលដ្ឋាន, គោលនយោបាយជាតិជាមូលដ្ឋានអំពីកំណែទម្រង់និងការបើកទូលាយ, ការអភិវឌ្ឍប្រកបដោយគុណភាព និងសម្រេចជីវភាពធូរធារជាមួយគ្នា, សន្តិសុខជាតិនិងស្ថិរភាពសង្គម។ យើងចាំបាច់ត្រូវតែធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងអំពី ប្រភេទនិងតួនាទីនៃដើមទុនផ្សេងៗរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី ក្នុងន័យធ្វើឱ្យមានបទដ្ឋានស្របតាមច្បាប់ និងណែនាំឱ្យដើមទុនរបស់ចិនទទួលបាន ការអភិវឌ្ឍប្រកបដោយភាពរឹងមាំ ព្រមនឹងដើរតួនាទីយ៉ាងសកម្មក្នុងផលិតកម្ម៕