(អាតែន)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលក្រិក នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានប្រកាសថា ប្រទេសក្រិកបានសម្រេចលុបចោលវិធានការរឹតត្បឹត លើការហោះហើរក្នុងស្រុកនិងក្រៅស្រុក ដែលត្រូវបានអនុវត្ត ក្នុងកំលុងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ហើយ មុនពេលរដូវកាលទេសចរណ៍ នាពេលរដូវក្តៅចាប់ផ្ដើម ហើយក្រិកសង្ឃឹមថា នឹងអាចមើលឃើញប្រាក់ចំណូលងើបឡើងវិញ ពីការធ្លាក់ចុះដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

កំលុងការអនុវត្តវិធានការរឹតត្បិត COVID-19 ដើម្បីធ្វើដំណើរក្នុងជើងហោះហើរក្នុងឬក្រៅស្រុក អ្នកធ្វើដំណើរទាំងអស់ ត្រូវបានតម្រូវឱ្យបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំង, វិញ្ញាបនបត្រដែលបញ្ជាក់ថា ពួកគេបានជាសះស្បើយពីជំងឺ COVID-19 ឬបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមានចំពោះជំងឺនេះ។ ប៉ុន្តែចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ អាជ្ញាធរអាកាសចរណ៍ស៊ីវិលក្រិក បានប្រកាសថា អ្នកដំណើរ និងសហសេវិកទាំងអស់ នឹងគ្រាន់តែតម្រូវឱ្យពាក់ម៉ាស់ប៉ុណ្ណោះ។

ជាមួយនឹងការថយចុះនៃករណីឆ្លង ភោជនីយដ្ឋាន និងហាងលក់ឥវ៉ាន់ទាំងអស់ ក៏បានវិលត្រលប់មករកសភាពធម្មតាវិញ ១០០% ដែរ កាលពីថ្ងៃអាទិត្យ ដោយអនុញ្ញាតឱ្យអតិថិជនចូលដោយមិនចាំបាច់តម្រូវឱ្យបង្ហាញ ភស្តតាងនៃការចាក់វ៉ាក់សាំងទៀតទេ ប៉ុន្តែនៅតែតម្រូវឱ្យពាក់ម៉ាស់។

រដូវកាលទេសចរណ៍នាពេលរដូវក្តៅជាធម្មតា បានចាប់ផ្តើមបន្ទាប់ពីបុណ្យ អ៉ីស្ទើរ (Easter) ដែលបានប្រារព្ធឡើង កាលពីថ្ងៃទី២៤ ខែមេសា។ ប្រទេសក្រិក កំពុងរំពឹងថានឹងមានចំនួនភ្ញៀវទេសចរខ្ពស់នៅឆ្នាំនេះ ដោយក្រុមមន្ត្រីបានព្យាករថា ប្រាក់ចំណូលនឹងកើនឡើងដល់ ៨០% នៃកម្រិតដែលត្រូវបានកត់ត្រាកាលពីឆ្នាំ២០១៩ ។ ឆ្នាំនោះគឺជាឆ្នាំកំណត់ត្រា នៃវិស័យទេសចរណ៍ក្រិក មុនពេល COVID-19 បានផ្ទុះឡើង និងបានធ្វើឱ្យការធ្វើដំណើរទាំងក្នុង និងក្រៅស្រុក ត្រូវជាប់គាំង។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសក្រិក បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣.៣២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៩,១០០នាក់ និងអ្នកជាសះស្បើយជាង ៣.២២លាននាក់៕