(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បាននិយាយថា ទិវា «៩ ឧសភា» ដែលជាគម្រប់ខួបនៃជ័យជម្នះរបស់រុស្ស៉ី លើកងទ័ពណាហ្ស៉ីអាល្លឺម៉ង់ កាលពីសង្រ្គាមលោកលើកទីពីរ គឺមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយ ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

នៅពេលត្រូវបានចោទសួរថាតើ គម្រប់ខួប «៩ ឧសភា» អាចនឹងជាថ្ងៃដែលនាំឱ្យ ស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន មានការប្រែប្រួលដែរឬក៏យ៉ាងណានោះ លោកប្រមុខការទូតរុស្ស៉ី បានឆ្លើយតបយ៉ាងដូច្នេះថា «កងទ័ពរបស់យើងមិនធ្វើសកម្មភាព ដោយផ្អែកលើកាលបរិច្ឆេទ ជាក់លាក់ណាមួយឡើយ»

លោក Lavrov បានបន្តទៀតថា «ពួកយើងនឹងប្រារព្ធទិវាជ័យជម្នះរបស់យើង ក្នុងឥរិយាបថធម្មតា ប៉ុន្តែពេលវេលានិងល្បឿន នៃអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែន គឺនឹងអាស្រ័យទៅលើភាពចាំបាច់នៃការកាត់បន្ថយហានិភ័យ សម្រាប់ជនស៉ីវិលនិងកងទ័ពរុស្ស៉ី»

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានកន្លងមក របស់មន្រ្តីមួយចំនួននៃក្រុមប្រទេសលោកខាងលិច គឺប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចនឹងយកថ្ងៃទិវាជ័យជម្នះ «៩ ឧសភា» ប្រកាសចល័តកងទ័ពបម្រុងទ្រង់ទ្រាយធំ សម្រាប់ការវាយលុកផ្តាច់ព្រ័ត្រនៅអ៊ុយក្រែន៕