(អាប៊ូដាប៊ី)៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងសប្តាហ៍នេះ បានប្រកាសពីការទិញកន្លែងអង្គុយ១កន្លែង នៅលើយានអវកាសរបស់ ក្រុមហ៊ុនអវកាសអាមេរិក SpaceX សម្រាប់ការធ្វើដំណើររបស់អវកាសយានិកខ្លួនមួយរូប ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដើម្បីស្នាក់នៅទីនោះរយៈពេល៦ខែ ខណៈវានឹងជាបេសកកម្មរយៈពេលវែងលើកដំបូងក្នុងទីអវកាស របស់ប្រទេសសេដ្ឋីប្រេងមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២។

អេមីរ៉ាត់អារ៉ាប់រួមបានទិញកន្លែងអង្គុយលើរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX តាមរយៈក្រុមហ៊ុនអាមេរិកមួយទៀតឈ្មោះថា Axiom Space ដែលជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍អវកាស។ បើតាមគម្រោង ការចេញដំណើរនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ ហើយធ្វើឡើងនៅឯមជ្ឈមណ្ឌលបង្ហោះយានអវកាស ខេនណឺឌី ក្នុងរដ្ឋផ្លូរីដា។

វានឹងជាលើកទី២ហើយ ដែលប្រទេសអារ៉ាប់មួយនេះ បញ្ជូនអវកាសយានិកទៅកាន់ទីអវកាស។ ប៉ុន្តែវានឹងជាបេសកកម្មរយៈពេលយូរ លើកដំបូងបំផុត របស់អេមីរ៉ាត់អារ៉ាប់រួម ខណៈកាលពីឆ្នាំ២០១៩ អវកាសយានិកអេមីរ៉ាត់អារ៉ាប់រួម លោក ហាហ្សា អាល់ ម៉ាន់ស៊ូរី (Hazzaa al-Mansoori) បានចំណាយពេលត្រឹម៨ថ្ងៃប៉ុណ្ណោះ នៅលើស្ថានីយ ISS។

សេចក្តីប្រកាសខាងលើ មិនបានបង្ហើបឱ្យដឹងថា អេមីរ៉ាត់អារ៉ាប់រួមបានចំណាយថវិកាប៉ុន្មានឡើយ ដើម្បីទិញកន្លែងអង្គុយនៅយានរបស់ SpaceX។ យ៉ាងណាមិញ គេដឹងថាតម្លៃសំបុត្ររបស់ក្រុមហ៊ុន Axiom សម្រាប់អ្នកដែលបានទិញកន្លងមក ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយ ISS កាលពីដើមខែមេសា គឺ៥៥លានដុល្លារ ក្នុង១នាក់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ អេមីរ៉ាត់អារ៉ាប់រួម បានបញ្ជូនយានផ្កាយរណបមួយគ្រឿង ហៅថា អាម៉ាល់ (Amal) ឱ្យទៅគោចរជុំវិញភពអង្គារ (Mars) ដើម្បីសិក្សាស្រាវជ្រាវ ខណៈវាគឺជាបេសកកម្មដំបូងបង្អស់ទៅកាន់ភពក្រហមនេះ សម្រាប់តំបន់អារ៉ាប់។ មិនតែប៉ុណ្ណោះ អេមីរ៉ាត់អារ៉ាប់រួមកំពុងសង្ឃឹមថា ខ្លួននឹងអាចបញ្ជូនយានរ៉ូបូតមួយគ្រឿង ទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០២៤៕