(បែលក្រាដ)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស៊ែរប៊ីបានតាំងបង្ហាញប្រព័ន្ធមីស៉ីលចិន ដែលទើបទទួលបានថ្មីៗ រួមជាមួយបរិក្ខារយោធាដទៃទៀត ដែលខ្លួនបានទិញពីរុស្ស៉ីផង និងពីលោកខាងលិចផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២។

សាធារណជននិងក្រុមអ្នកការសែត ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិព័រណ៍សព្វាវុធខាងលើ ដែលត្រូវបានរៀបចំឡើងនៅឯមូលដ្ឋានទ័ពអាកាស បាតាចនីកា (Batajnica) នៅជាយរដ្ឋធានីបែលក្រាដ។ ក្នុងកម្មវិធីនោះ គេសង្កេតឃើញប្រព័ន្ធមីស៉ីលរបស់ចិននិងបារាំង ត្រូវបានតម្រៀបនៅក្បែរ ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន Airbus រួមជាមួយយន្តហោះដ្រូនបំពាក់អាវុធរបស់ចិន និងយន្តហោះចម្បាំង MiG-29 របស់រុស្ស៉ី។

ប្រព័ន្ធមីស៉ីលការពារដែនអាកាស FK-3 របស់ចិន ដែលស្រដៀងគ្នានឹងប្រព័ន្ធ S-300 របស់រុស្ស៉ី និងប្រព័ន្ធភេទ្រាត (Patriot) របស់អាមេរិក ត្រូវបានស៊ែរប៊ីទិញកាលពីឆ្នាំ២០១៩ ហើយទីក្រុងបែលក្រាដ ទើបទទួលបានវា កាលពីខែមេសាកន្លងទៅ។ បច្ចុប្បន្ន ស៊ែរប៊ីគឺជាប្រទេសអឺរ៉ុបតែមួយគត់ ដែលធ្វើប្រតិបត្តិការប្រព័ន្ធមីស៉ីលនេះ ហើយនិងដ្រូនបំពាក់អាវុធ CH-92A របស់ចិន។

គួរបញ្ជាក់ថា ស៊ែរប៊ីត្រូវគេរំពឹងនឹងទិញយន្តហោះចម្បាំង រ៉ាហ្វាល់ (Rafale) ចំនួន១២គ្រឿងពីបារាំង នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ហើយក៏កំពុងស្ថិតក្នុងការចរចា ដើម្បីទិញយន្តហោះចម្បាំង ថាយហ៊្វូន (Typhoon) ចំនួន១២គ្រឿង ពីអង់គ្លេសផងដែរ៕