(សៀងហៃ)៖ អាជ្ញាធរទីក្រុងសៀងហៃ នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ប្រជាជនចំនួន១២.៣៨លាននាក់ ស្មើនឹងជិតពាក់កណ្តាលនៃ ចំនួនប្រជាជនសរុបរបស់ទីក្រុងចិនមួយនេះ ឥឡូវស្ថិតក្នុងតំបន់រងហានិភ័យទាប ដែលមានន័យថា ពួកគេអាចចេញក្រៅលំនៅឋានវិញបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

ដោយប្រឈមនឹងរលកឆ្លងរាតត្បាត COVID-19 ធំបំផុតរបស់ប្រទេសចិន ទីក្រុងសៀងហៃត្រូវបានដាក់ ឱ្យស្ថិតក្រោមវិធានការបិទខ្ទប់ អស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែអាជ្ញាធរក៏បានដកការរឹតត្បិតចេញវិញជាបណ្តើរៗ នៅតាមតំបន់ណាដែលពុំមានករណីឆ្លង រយៈពេល២សប្តាហ៍ជាប់គ្នាផងដែរ។ គិតមកត្រឹមពេលនេះ មនុស្សជាង១២លាននាក់ នៅសៀងហៃ ត្រូវបានចាត់ថ្នាក់ស្ថិតនៅក្នុង តំបន់ប្រឈមហានិភ័យទាប ដែលអាចឱ្យពួកគេចេញក្រៅផ្ទះបាន។

ដោយឡែក របាយការណ៍ចុងក្រោយបានបង្ហាញថា ទីក្រុងសៀងហៃទើបមានអ្នកជំងឺស្លាប់ថ្មី ៥២នាក់ និងករណីឆ្លងថ្មីៗចំនួន ជាង១៥,០០០នាក់ ក្នុងនោះជាង ៩,៥០០នាក់ ជាករណីឆ្លងមិនចេញរោគសញ្ញា និងជិត៥,៥០០នាក់ ជាករណីឆ្លងចេញរោគសញ្ញា។

គួរបញ្ជាក់ថា វីរុស COVID-19 បានលេចឡើងដំបូងបំផុត នៅទីក្រុងវូហានរបស់ចិន កាលពីចុងឆ្នាំ២០១៩ ខណៈអាជ្ញាធរចិនអាចគ្រប់គ្រង់ ការឆ្លងឱ្យមានការរីករាលដាលខ្លាំង បានរយៈពេល២ឆ្នាំ តាមរយៈវិធានការបិទខ្ទប់ និងបម្រាមធ្វើដំណើរ។ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ វីរុសបំប្លែងថ្មី អូមីក្រុង បាននិងកំពុងធ្វើតេស្តចំពោះ «គោលការណ៍ហ្សេរ៉ូកូវីដ (zero-COVID)» របស់ប្រទេសចិន៕