(ប៉េកាំង)៖ «មានព្រលឹងខ្មោចមួយ កំពុងហោះហើរទៅមកលើមហាសមុទ្រប៉ាស៊ីហ្វិក។ ខ្ញុំមិនមែននិយាយអំពីប្រទេសចិននោះទេ គឺនិយាយអំពីពួកយើង។» ពេលថ្មីៗកន្លងទៅនេះ កាសែត «The Guardian» របស់អង់គ្លេសបានចុះផ្សាយអត្ថបទ ដើម្បីរិះគន់ប្រទេសទាំងពីរសហរដ្ឋអាមេរិកនិងអូស្ត្រាលី ដែលមានប្រតិកម្មហួសហេតុពេក ចំពោះការដែលចិននិងប្រជុំកោះសាឡូម៉ូន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។

ចាប់ពីភាគីអូស្ត្រាលីចាត់មន្ត្រីជាន់ខ្ពស់ទៅនិយាយបញ្ចុះបញ្ចូល និងរារាំងជាច្រើនលើកនៅប្រជុំកោះសាឡូម៉ូន ដល់លោក Kurt Campbell អ្នកសម្របសម្រួលកិច្ចការមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈកម្មាធិការសន្តិសុខជាតិអាមេរិក ទៅដាក់សម្ពាធលើប្រទេសប្រជុំកោះសាឡូម៉ូន នៅពេលថ្មីៗកន្លងទៅ រហូតដល់បង្កការបដិបក្ខគ្នាដែល «លាបពណ៌យោធា» លើកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសប្រជុំកោះសាឡូម៉ូនដោយចេតនា សហរដ្ឋអាមេរិកនិងអូស្ត្រាលី បានគំរាមកំហែងដល់ប្រជុំកោះសាឡូម៉ូន និងមួលបង្កាច់កិច្ចសហប្រតិបត្តិការរវាង ចិននិងប្រទេសប្រជុំកោះសាឡូម៉ូន មិនដាច់ជាប់រហូតមក។

ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ប្រជុំកោះសាឡូម៉ូននិងប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគាំពារសណ្តាប់ធ្នាប់សង្គម ការពារសន្តិសុខរបស់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ជំនួយមនុស្សធម៌និងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិជាដើម លើមូលដ្ឋានមានសមភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ម៉េចញ៉ាំងឱ្យសហរដ្ឋអាមេរិកនិងអូស្ត្រាលី មានប្រតិកម្មយ៉ាងខ្លាំងប៉ុណ្ណឹង?

បើមើលពីឫសគល់ គឺដោយមកពីសហរដ្ឋអាមេរិកនិងអូស្ត្រាលី មិនដែលចាត់ទុកប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាប្រទេសប្រជុំកោះសាឡូម៉ូន ជាប្រទេសមានអធិបតេយ្យភាពនោះទេ គឺចាត់ទុកជាទីធ្លាខាងក្រោយរបស់ពួកគេ ។ សហរដ្ឋអាមេរិកនិងអូស្ត្រាលីបានយល់ឃើញថា តើប្រទេសកោះប៉ាស៊ីហ្វិកនឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសណានិងមិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសណា ត្រូវសម្រេចដោយសហរដ្ឋអាមេរិកនិងអូស្ត្រាលី។ តាមការពិត នេះបានបង្ហាញឱ្យឃើញពីគំនិតអំពី អាណានិគមនិយមនិងអនុត្តរភាពនិយម។

សហរដ្ឋអាមេរិកនិងអូស្ត្រាលីគួរតែគិតពិចារណាឡើងវិញថា ហេតុអ្វីបានជាបានធ្វើការបំផ្លាញដោយពេញទំហឹង ក៏នៅតែមិនអាចរារាំងបាននូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកោះប៉ាស៊ីហ្វិក ដូចជាប្រជុំកោះសាឡូម៉ូនជាដើម? ពីព្រោះកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសទាំងនេះ គឺមានសមភាពនិងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក វាគ្មានអមលក្ខខណ្ឌនយោបាយណាមួយទេ គឺជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់យ៉ាងពិតប្រាកដ។ បន្ទាប់ពីកើតជំងឺកូវីដ១៩ ចិនបានផ្តល់ជំនួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចំពោះប្រទេសកោះប៉ាស៊ីហ្វិកយ៉ាងសកម្ម ។ កាលពីខែឧសភាឆ្នាំ២០២១ ប្រជុំកោះសាឡូម៉ូនបានក្លាយជា ប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកទីមួយ ដែលបានចាក់វ៉ាក់សាំងរបស់ចិនក្នុងក្របខណ្ឌទូទាំងប្រទេស។

ផ្ទុយទៅវិញ ប្រទេសទាំងពីរសហរដ្ឋអាមេរិកនិងអូស្ត្រាលី មិនដែលយកចិត្តទុកដាក់ដល់សំណូមពរ អភិវឌ្ឍន៍របស់ប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកសោះ គ្រាន់តែចាត់ទុកវាជាឧបករណ៍នៃភូមិសាស្ត្រនយោបាយប៉ុណ្ណោះ។ ពេលថ្មីៗកន្លងទៅនេះ កាសែត «Solomon Star» បានចុះផ្សាយអត្ថបទដោយរិះគន់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់លោក Kurt Campbell ថា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅប្រជុំកោះសាឡូម៉ូនដែលត្រូវបានវ៉ាស៊ីនតោន បំភ្លេចអស់រយៈពេល៨០ឆ្នាំ គ្រាន់តែមានបំណងបង្ខំឱ្យភាគីប្រទេសប្រជុំកោះសាឡូម៉ូន លះបង់ចោលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាមួយប្រទេសចិនប៉ុណ្ណោះ។

ទង្វើដ៏អាក្រក់គ្រប់បែបយ៉ាងនាំឱ្យសហរដ្ឋអាមេរិកនិងអូស្ត្រាលី មិនអាចទទួលបានការគាំទ្រពីប្រជាជន នៅប៉ាស៊ីហ្វិកខាងត្បូងជាយូរមកហើយ។ ព្រលឹងខ្មោចដែលបង្ខំឱ្យប្រទេសដទៃឈរនៅជាមួយខ្លួន និងបំផ្លាញសន្តិភាពក្នុងតំបន់ គួរតែរលាយបាត់ក្នុងលំហអាកាស នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងក្នុងពេលឆាប់ៗ៕