(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន លើការយល់ព្រមបំពាក់អាវុធដល់តៃវ៉ាន់ និងបានធ្វើកិច្ចពិភាក្សា ដែលជម្រុញឲ្យមាន ការបំបែកខ្លួននៅលើដែនកោះនេះ ដែលវាបានផ្ទុយនឹងគោលជំហររបស់ចិន។នេះបើយោងតាមការដកស្រង់ផ្សាយ ពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៩ ខែមេសា

ឆ្នាំ២០២២។

ការថ្កោលទោសរបស់ទីក្រុងប៉េកាំង នាពេលនេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លី ត្រាស់ (Liz Truss) និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានចេញមុខគាំទ្រការបញ្ជូនអាវុធ ទៅឲ្យកោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះ។ បើតាមសេចក្តីថ្លែងការរបស់ក្រសួងការបរទេសចិន, «យើងសូមបដិសេធ និងច្រានចោលការអត្ថាធិប្បាយ របស់លោក Blinken ដែលប្តេជ្ញាធ្វើឲ្យប្រាកដថា តៃវ៉ាន់មានមធ្យោបាយការពារខ្លួន ប្រឆាំងនឹងការឈ្លានពានណាមួយ ស្របពេលជាមួយគ្នាដែល សុន្ទរកថារបស់លោកស្រី Truss បានបង្ហាញពីឆន្ទៈរបស់ទីក្រុងឡុងដ៍ ក្នុងការគាំទ្រគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន»

គួរបញ្ជាក់ថា កន្លងទៅចិន ធ្លាប់បានព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីអាមេរិកថា និន្នាការប្រវត្តិសាស្រ្តនៃការបង្រួបបង្រួមរបស់ចិន មិនអាចបំពានបានឡើយ ហើយគោលការណ៍ចិនតែមួយគឺជាអ្វី ដែលគាំទ្រសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ដោយឡែក ចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលមានគាំទ្រចំពោះការផ្តល់អាវុធដល់តៃវ៉ាន់ គឺកំពុងតែង្កើតការប្រឈមមុខដាក់គ្នា៕