(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម ប៊ូ-គ្យុំ (Kim Boo-kyum) បានប្រកាសនៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូងនឹងដកកាតព្វកិច្ច ពាក់ម៉ាសនៅតាមទីសាធារណៈ នៅសប្តាហ៍ក្រោយនេះ ដែលជាជំហានចុងក្រោយបង្អស់របស់ប្រទេស ដើម្បីបន្ធូរបន្ថយវិធានការរឹតត្បឹតប្រឆាំងនឹង ជំងឺ COVID-19 បើទោះជាមានការជំទាស់ពីអនាគតរដ្ឋាភិបាលរបស់ប្រធានាធិបតីជាប់ឆ្នោត លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) ដែលចាត់ទុក ថាការសម្រេចចិត្តធ្វើឡើងលឿនពេកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

ការសម្រេចចិត្តខាងលើ កើតឡើង ២សប្តាហ៍បន្ទាប់ពីកូរ៉េខាងត្បូងបានលុបចោលវិធានការរឹតត្បឹតភាគច្រើនរបស់ខ្លួន រួមទាំងបំរាមគោចរពេលរាត្រី លើភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗទៀតកាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។ តែយ៉ាងណា លោក Kim Boo-kyum បានបន្ថែមថាប្រជាជននៅតែ តម្រូវឱ្យពាក់ម៉ាស នៅក្នុងព្រឹត្តិការណ៍ដែលមានអ្នកចូលរួមចាប់ពី ៥០នាក់ឡើងទៅ ដូចជានៅឯការជួបជុំ ការប្រគុំតន្ត្រី និងកីឡាដ្ឋានជាដើម។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រង និងការពារជំងឺកូរ៉េ (KDCA) រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវករណី ឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១៧,១៩៤,៦១៦ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២២,៧២៤នាក់។ ចំណែកឯ ជិត ៨៧ភាគរយ នៃចំនួនប្រជាជន ៥២លាននាក់របស់ប្រទេសនេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ២ដូស) រួចរាល់ហើយ និង ៦៥ភាគរយក៏បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ចំនួន ៣ដូស) ផងដែរ៕