(វ៉ាស៊ីនតោន)៖ សេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាន ឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅខែឧសភាក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

បើតាមសេតវិមាន លោក បៃដិន ផ្ដើមធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភាខាងមុខនេះដើម្បី បើកកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុនរបស់លោក។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «នៅឯទីក្រុងតូក្យូ លោកប្រធានាធិបតី បៃដិន នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមានអូស្រ្តាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក»

ដោយឡែក បើតាមក្រុមមន្ត្រីអាមេរិក លោក បៃដិនក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីផងដែរ ជាមួយប្រធានាធីបតីកូរ៉េខាងត្បូងជាប់ឆ្នោត លោក យូន ស៊ុក យ៉ុល (Yoon Suk Yeol) ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភា៕