(តៃប៉ិ)៖ យោធាតៃវ៉ាន់ នៅថ្ងៃពុធនេះ បាននិយាយថាខ្លួនកំពុងរៀនមេរៀនពីសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ខណៈបានបង្ហាញផែនការ ក្នុងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនពីការសកម្មភាពយោធាណាមួយរបស់ទីក្រុងប៉េកាំង។ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក លីន វិន ហួង (Lin Wen-huang) បានប្រាប់អ្នកសារព័ត៌មានថា «ក្រសួងការពារជាតិតៃវ៉ាន់កំពុងតាមដាន ស្រាវជ្រាវ និងវិភាគយ៉ាងដិតដល់ជុំវិញសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ក៏ដូចជាសកម្មភាពយោធាចិន»។ លោកបន្ថែមថា «យើងនឹងយកមេរៀន អំពីសង្រ្គាមនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពធ្វើសឹកសង្រ្គាម, សង្រ្គាមអេឡិតត្រូនិច និងការត្រៀមកម្លាំងបម្រុង ដល់យោធារបស់យើង»

បើតាមក្រសួងការពារជាតិតៃវ៉ាន់, សមយុទ្ធមួយមានរយៈពេល៥ថ្ងៃ មានឈ្មោះថា ហាន់ គួង (Han Kuang) នឹងរៀបចំឡើងនាខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ចំពោះមុខការព្រួយបារម្ភអំពីសកម្មភាពយោធាណាមួយរបស់ទីក្រុងប៉េកាំង ដែលអាចកើតមាន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ដែលមានប្រជាជនចំនួន ២៣លាននាក់នេះបានចោទប្រកាន់ជារឿយៗពីការរងការគំរាមកំហែងពីចិនដែលចាត់ទុក ថាជាខេត្តមួយរបស់ខ្លួន ហើយធ្លាប់បានអះអាងថានឹងប្រើកម្លាំងយោធាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់៕