(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃពុធនេះ បានប្រកាសថា អូស្រ្តាលីនឹងផ្តល់ជំនួយយោធាទំហំ ២៦.៧លានដុល្លាអូស្រ្តាលី (១៩.១លានដុល្លាអាមេរិក) បន្ថែមទៀតដល់អ៊ុយក្រែន ក្នុងទម្រង់ជាអាវុធធន់ធ្ងន់ និងគ្រាប់រំសេវជាច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើការសន្យាស្រដៀងគ្នា ខណៈដែលរុស្ស៊ីបានបង្កើនការវាយលុយរបស់ខ្លួន នៅក្នុងតំបន់ដុនបាស់ (Donbas)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានអូស្រ្តាលី SBS News នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

កញ្ចប់ជំនួយយោធាទំហំ ១៩.១លានដុល្លាអាមេរិកខាងលើ នឹងផ្ដល់ឱ្យអ៊ុយក្រែននូវកាំភ្លើងធំប្រភេទ M777 ចំនួន ៦គ្រឿង រួមជាមួយគ្រាប់រំសេវជាច្រើនទៀត ដើម្បីជួយដល់យោធាអ៊ុយក្រែន។ ប្រការនេះនាំឱ្យទំហំជំនួយយោធាសរុបរបស់អូស្ត្រាលី គិតមកទល់ពេលនេះ កើនឡើងដល់ ២២៥លានដុល្លាអូស្រ្តាលី (១៨២.៤៩លានដុល្លារអាមេរិក) បូករួមជាមួយជំនួយមនុស្សធម៌ទំហំ ៦៥លានដុល្លាអូស្រ្តាលី (៤៦.៥១លានដុល្លារអាមេរិក) ព្រមទាំងការផ្តល់ធ្យូងថ្មកម្តៅជាង ៧០,០០០តោនផងដែរ។

នាយករដ្ឋមន្ត្រីអូស្រា្តលី លោក ស្កុត ម៉ូរីសុន (Scott Morrison) និងរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក ភីតឺ ឌូតតុន (Peter Dutton) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្ដល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន គឺដើម្បីជួយយោធាអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដ៏ព្រៃផ្សៃ និងខុសច្បាប់របស់រុស្ស៊ី»

លោក Morrison បានបន្ថែមថា «រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តកំណត់នូវឱកាសសម្រាប់ផ្ដល់ជំនួយយោធាបន្ថែមទៀត ទៅតាមតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលអូស្ត្រាលី ក៏សូមបញ្ជាក់ជាថ្មី នូវការគាំទ្រដ៏ខ្លាំងខ្លាបំផុតរបស់យើង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន និងសម្រាប់ប្រជាជនអ៊ុយក្រែនផងដែរ»

គួរបញ្ជាក់ថា កញ្ចប់ជំនួយថ្មីខាងលើនេះ បានកើតឡើង បន្ទាប់ពីក្រុមអ្នកតំណាងអូស្ត្រាលី បានចូលរួមកិច្ចប្រជុំមួយនៅអាល្លឺម៉ង់ ដែលរៀបចំដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ស្ដីពីការផ្តល់អាវុធដល់អ៊ុយក្រែន។ អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤០ ដែលបានចូលរួមកិច្ចប្រជុំ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក រ៉ាមស្ដែន (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោក Austin បានសន្យាផ្ដល់ជំនួយយោធាបន្ថែមរបស់អាមេរិក ដល់អ៊ុយក្រែន៕