(កៀវ)៖ ទីក្រុងកៀវបានចេញមុខសុំទោសចំពោះជប៉ុន ក្រោយពីខ្លួនបានបង្ហោះឃ្លីបវីដេអូមួយមានគោលដៅប្រឆាំងរុស្ស៉ី ខណៈនៅចុងបញ្ចប់ នៃវីដេអូនោះ គឺមានរូបថតអតីតមេដឹកនាំអាល្លឺម៉ង់ លោក អាដូហ្វ អ៉ីត្លែរ (Adolf Hitler), អតីតមេដឹកនាំអ៉ីតាលី លោក បេនីតូ មូសូលីនី (Benito Mussolini) ហើយនិងអតីតព្រះចៅអធិរាជជប៉ុន ហ៉ីរ៉ូហ៉ីតុ (Hurohito) ព្រមទាំងហៅបុគ្គលទាំង៣ថា ជាជនហ្វាស៉ីស ឬជនផ្តាច់ការនិយមជ្រុល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

វីដេអូខាងលើ ដែលត្រូវបានបង្ហោះលើកដំបូង តាំងពីជិត១ខែមុន មានគោលដៅ ថ្កោលទោសប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបង្កសង្រ្គាមលើអ៊ុយក្រែន ហើយរិះគន់ប្រព័ន្ធនយោបាយរបស់ប្រទេសរុស្ស៉ី។ យ៉ាងណាក្តី ប្រធានគណៈកម្មាធិការនយោបាយការបរទេសនៃសភាជប៉ុន បានប្រកាសថា រដ្ឋាភិបាលទីក្រុងតូក្យូទាមទារឱ្យ ឃ្លីបវីដេអូនោះ ត្រូវតែលុបចោលវិញ ហើយអ៊ុយក្រែន ត្រូវតែចេញមុខសុំទោសតាមផ្លូវការទូត សម្រាប់រឿងហេតុនេះ។

គួរបញ្ជាក់ថា ព្រះចៅ Hirohito គឺជាអធិរាជជប៉ុន កំលុងសម័យសង្រ្គាមលោកលើកទីពីរ ខណៈទ្រង់ត្រូវបានអនុញ្ញាតឱ្យនៅរក្សាតំណែងដដែល ប៉ុន្តែអំណាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំង បន្ទាប់ពីជប៉ុនចាញ់សង្រ្គាម។ យ៉ាងណាមិញ មតិជាច្រើនបានលើកឡើងថា អធិរាជជប៉ុនអង្គនេះ គួរតែត្រូវកាត់ទោសជា ជនឧក្រិដ្ឋជនសង្រ្គាម ដូចអតីតនាយករដ្ឋមន្រ្តីជប៉ុន នាសម័យនោះ គឺលោក ហ៉ីដេគី តូចូ (Hideki Tojo) ដែរ៕