(ប៉េកាំង)៖ ឆ្នាំ២០២២ ជាខួបទី៥០ឆ្នាំនៃការរកឃើញធាតុអាតេមីស៊ីនីន។ ៥០ឆ្នាំមុន អ្នកវិទ្យាសាស្ត្រចិន ដូចជាលោកស្រី Tu Youyou ជាដើមបានរកឃើញ ព្រមទាំងបានចម្រាញ់ដោយជោគជ័យនូវឱសថអាតេមីស៊ីនីន ហើយបានជួយប្រទេសចិន លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។ ប្រទេសចិនបានផ្សព្វផ្សាយឱសថដ៏មានប្រិសទ្ធភាពនេះ ទៅកាន់ពិភពលោកទាំងមូល។

អ្នកជំនាញបានឧទ្ទេសនាមថា ការប្រើប្រាស់ឱសថអាតេមីស៊ីនីនព្យាបាលជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពឆាប់រហ័ស និងមិនសូវមានឥទិ្ធពលអវិជ្ជមាននោះទេ ថែមទាំងមានតម្លៃថោក និងងាយស្រួលប្រើប្រាស់ ដូច្នេះ ទទួលការស្វាគមន៍ពីសំណាក់សហគមន៍អន្តរជាតិ។ ពីអាស៊ីដល់អាហ្វ្រិក ពីអឺរ៉ុបដល់ទ្វីបអាមេរិក ឱសថនេះបានជួយសង្គ្រោះអាយុជីវិតយ៉ាងច្រើនសន្ធឹក។ ចាប់ពីឆ្នាំ២០០០មក អង្គការសុខភាពពិភពលោក បានចាត់ទុកឱសថអាតេមីស៊ីនីន ជាជម្រើសដំបូងបង្អស់ក្នុងការព្យាបាលជំងឺគ្រុនចាញ់។ យោងតាមស្ថិតិមិនពេញលេញរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅលើពិភពលោកទាំងមូល ឱសថអាតេមីស៊ីនីនបានជួយសង្គ្រោះអាយុជីវិតចំនួនរាប់លាននាក់ ជារៀងរាល់ឆ្នាំបានព្យាបាលអ្នកជំងឺគ្រុនចាញ់ ចំនួនរាប់រយលាននាក់។ គ្រាន់តែនៅតំបន់ភាគខាងត្បូងនៃតំបន់សាហារ៉ាអាហ្វ្រិកប៉ុណ្ណោះ ក៏មានមនុស្សប្រហែលចំនួន ២៤០លាននាក់ ទទួលបានផលប្រយោជន៍ពីវិធីព្យាបាលចម្រុះនៃឱសថអាតេមីស៊ីនីន ដូច្នេះជនជាតិអាហ្វ្រិកដាក់ឈ្មោះឱសថនេះ ថា «ថ្នាំទិព្វមកពីតំបន់បូព៌ាដ៏សែនឆ្ងាយ»

គិតរហូតដល់ចុងឆ្នាំ២០២១ ប្រទេសចិនបានជួយប្រទេសកំពុងអភិវឌ្ឍន៍បណ្តុះបណ្តាល អ្នកបច្ចេកទេសសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ចំនួនរាប់ម៉ឺននាក់ បានជួយបង្កើតមជ្ឈមណ្ឌលបង្ការ និងព្យាបាលជំងឺគ្រុនចាញ់នៅប្រទេសចំនួន៣០ ហើយបានចាត់បញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រចំនួន ២៨,០០០នាក់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៧២។ល។ ឱសថអាតេមីស៊ីនីនហាក់ដូចជា កាដូដ៏មានតម្លៃដែលប្រទេសចិនជូនចំពោះពិភពលោក ប្រការនេះជាសាក្សីដែលអាចបង្ហាញពី កាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសចិន ដែលបានរួមសុខរួមទុក្ខជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ ក៏ដូចជាជំរុញការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិផងដែរ។

ក្រៅពីឱសថអាតេមីស៊ីនីន ប្រជាជនអាហ្វ្រិកជាច្រើននៅចងចាំបានថា ខណៈពេលអាហ្វ្រិករងការវាយប្រហារពីជំងឺអេបូឡា ប្រទេសជាច្រើនបានជម្លៀសខ្លួនចេញពីតំបន់រីករាលដាលជំងឺភ្លាម ប៉ុន្តែប្រទេសចិនបានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រ ទៅកាន់អាហ្វ្រិកជាបន្ទាន់ ហើយបានបញ្ជូនសម្ភារៈដែលអាហ្វ្រិកត្រូវការជាបន្ទាន់យ៉ាងទាន់ហេតុការណ៏ ព្រមទាំងបានរួមសហការជាមួយប្រទេសអាហ្វ្រិក ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជំងឺអេបូឡារហូតដល់ទទួលបានជោគជ័យ។

បច្ចុប្បន្ននេះ មនុស្សជាតិបាននិងកំពុងប្រឈមនឹងការរីករាលដាល នៃជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយរយឆ្នាំកន្លងមក។ ប្រទេសចិនបានផ្តល់ជំនួយម្តងទៀតទៅកាន់ពិភពលោក ដែលបានធ្វើសកម្មភាពជួយសង្គ្រោះមនុស្សធម៌ដោយទ្រង់ទ្រាយធំបំផុត។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ចំនួនរាប់សែនលានទៅកាន់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន១៥ ហើយបានផ្តល់វ៉ាក់សាំងចំនួន២,២០០លានដូស ដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១២០ ដើម្បីបំពេញបន្ថែម «គម្លាតនៃភាពស៊ាំនឹងរោគ» ហើយបានរួមចំណែកកម្លាំងដ៏សំខាន់ សម្រាប់ឱ្យមនុស្សជាតិយកឈ្នះលើ ការរីករាលដាលនៃជំងឺឆ្លងផងដែរ។

មិនអាចបណ្ដោយឱ្យជំងឺឆ្លងក្លាយជាខ្លារាំងផ្លូវនៃការអភិវឌ្ឍមនុស្សជាតិជាដាច់ខាត។ ចាប់ពីឱសថអាតេមីស៊ីនីនដល់វ៉ាក់សាំងចិន វាសុទ្ធតែបានរៀបរាប់ពីរឿងដូចគ្នាស្តីពីប្រទេសចិន ដែលរួមសហការជាមួយពិភពលោក រួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាធ្វើការប្រយុទ្ធ។ ពីព្រោះប្រទេសចិនបានដឹងច្បាស់ថា បណ្តាប្រទេសនានាមិនមែនជិះទូក ចំនួនជាង១៩០គ្រឿងរៀងៗខ្លួននោះទេ តែគឺធ្វើដំណើរនៅលើនាវាយក្សជោគវាសនាតែមួយហ្នឹងឯង៕