(ជីស៊ីណូ)៖ អ៊ុយក្រែននៅថ្ងៃអង្គារសប្តាហ៍នេះ បានចោទប្រកាន់ទីក្រុងមូស្គូ ថាព្យាយាមអូសទាញតំបន់ផ្តាច់ខ្លួន ត្រេនស្នីស្រ្ទៀ (Transdniestria) របស់ប្រទេសម៉ុលដាវី ចូលក្នុងសង្រ្គាមរបស់ខ្លួន ខណៈដែលអាជ្ញាធរនៅតំបន់ ដែលមានការគាំទ្រពីរុស្ស៉ីមួយនេះ បាននិយាយថា តំបន់របស់ពួកគេ បានជួបប្រទះករណីវាយប្រហារ ជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

អាជ្ញាធរតំបន់ Transdniestria ដែលស្ថិតនៅជាប់ព្រំដែន ភាគនិរតីអ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហារថ្មីៗនេះ បានបំផ្លាញអង់តែនវិទ្យុដែលផ្សាយជាភាសារុស្ស៉ី និងអគារក្រសួងសន្តិសុខ។ ប្រភពដដែល បានផ្តល់ព័ត៌មានលម្អិតមួយចំនួន ប៉ុន្តែបានបន្ទោសលើអ៊ុយក្រែន រួមទាំងបានបង្កើនកម្រិតប្រកាសអាសន្នពីការគំរាមកំហែងភេវកម្ម ដល់កម្រិតពណ៌ក្រហម ហើយ ដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យជុំវិញទីក្រុងរបស់ខ្លួន។

ដោយឡែក សារព័ត៌មានរុស្ស៉ី បានដកស្រង់សម្តីរបស់ប្រធានាធិបតីនៃ តំបន់ Transdniestria លោក វ៉ាឌីម ក្រាស្នូសេលស្គី (Vadim Krasnoselsky) យ៉ាងដូច្នេះថា «ដាននៃការវាយប្រហារទាំងនេះ គឺចង្អុលទៅរកអ៊ុយក្រែន, ខ្ញុំសន្មត់ថា អ្នកដែលរៀបចំផែនការវាយប្រហារនេះ មានគោលបំណងអូសទាញ Transdniestria ចូលក្នុងជម្លោះ»។ រីឯរុស្ស៉ី ដែលមានកងទ័ពនិងកងរក្សាសន្តិភាព ក្នុងតំបន់នេះ បានលើកឡើងពីក្តីបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ចំពោះបញ្ហានេះ។

ចំណែកអ៊ុយក្រែនវិញ បានលើកឡើងថា ខ្លួនថ្កោលទោសការប៉ុនប៉ងទាំងត្រដរ ដើម្បីអូសទាញតំបន់ Transdniestria របស់ម៉ុលដាវី ទៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ទីក្រុងកៀវក៏បានកត់សម្គាល់ផងដែរថា ហេតុការណ៍អសន្តិសុខ ដែលបានកើតឡើងថ្មីៗនេះ នៅតំបន់ Transdniestria គឺបន្ទាប់ពីមេទ័ពរុស្ស៉ីម្នាក់ បានបង្ហាញចេតនា ចង់ពង្រីកគោលដៅរបស់ខ្លួនទៅកាន់តំបន់នេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីម៉ុលដាវី លោកស្រី ម៉ាយ៉ា សាន់ឌូ បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការវាប្រហារមួយចំនួន នៅក្នុងតំបន់ Transdniestria។ លោកស្រី សាន់ឌូ (Maia Sandu)
បាននិយាយដូច្នេះថា «ព័ត៌មានបឋមបានបង្ហាញឲ្យយើងដឹងថា មានការប៉ុនប៉ងពីក្រុមគាំទ្រសង្រ្គាម ដើម្បីធ្វើឲ្យមានអស្ថិរភាព ក្នុងតំបន់ Transdniestria»