(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានសម្រេចគោលដៅមិនមានអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់មុនផែនការ ពោលគឺទទួលបានជោគជ័យ៣ឆ្នាំមុនគោលដៅកំណត់ ខណៈជោគជ័យនេះ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា ដោយសាតែរាជរដ្ឋាភិបាលមានផែនការច្បាស់លាស់ ហើយមានការចូលរួមពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូជាតិ អន្តរជាតិ និងមានការសហការពីប្រជាពលរដ្ឋផងដែរ។

លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានមានប្រសាសន៍ថា កាលពីជាង២០ឆ្នាំកន្លងទៅនេះ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ជាតំបន់ដែលមានការឆ្លងជំងឺ គ្រុនចាញ់ច្រើន ប៉ុន្តែក្រោមការផ្ដួចផ្ដើម ក៏ដូចជាការដាក់ ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើឱ្យស្ថានភាពជំងឺគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូម (ទម្រង់សន្ធំ) នៅកម្ពុជាគឺមានភាពល្អប្រសើរ រហូតសម្រេចបាននូវគោល ដៅលុបបំបាត់ជំងឺគ្រុនចាញ់ ដោយមិនមានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់នេះ នៅក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះ ។

សំឡេង៖ «អ៊ីចឹងយើងសង្ឃឹមថា នៅក្នុងពេលខាងមុខនេះ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរសុខាភិបាលខេត្ត អាជ្ញា ធរខេត្ត អាជ្ញាធរភូមិ ឃុំ យើងនឹងអាចសម្រេចបានគោល ដៅក្នុងឆ្នាំ២០២៥ហើយអ្វីជាការសំខាន់ ដោយសារតែយើងមានកិច្ចសហប្រតិបត្តិការល្អ និងការគាំទ្រទាំងបច្ចេកទេស និងថវិកាហើយ ព្រោះបច្ចេកទេសសំខាន់គឺអង្គការសុខភាពពិភពលោក និងដៃគូមួយចំនួនទៀត»។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត រតនៈគិរីបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា បច្ចុប្បន្ននេះ ស្ថានភាពជំងឺគ្រុនចាញ់នៅខេត្តរតនៈគិរី គឺអាជ្ញាធរ និងមន្ត្រីជំនាញបានគ្រប់គ្រងបាន៣ឆ្នាំជាប់ៗគ្នាមកហើយ ធ្វើឱ្យអ្នកកើតជំងឺគ្រុនចាញ់ធ្លាក់ជាបន្តបន្ទាប់។

សំឡេង៖ «ជោគជ័យទាំងនេះ៖ ទីមួយបានមកពីការកំណត់គោលដៅ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ និងផែនការជាតិលុបបំបាត់ជំងឺគ្រុនចាញ់របស់រាជរដ្ឋាភិបាល ដែលបានកំណត់ទៅលើគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៣ប្រភេទ(ប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារូម ឬប៉េហ្វាល់ស៊ីប៉ារូម) និងជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅឆ្នាំ២០២៥។ ទីពីរដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

បើនិយាយរឿងគ្រុនចាញ់ចាញ់បើអតមានការចូលរួមពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ទេ យើងមិនអាចលុបបំបាត់បានទេ។ កាលពី៣ឆ្នាំមុននៅខេត្តរតនៈគិរីយើងមានជាង៣០០ភូមិ ប៉ុន្តែបច្ចុប្បន្ននេះ យើងនៅតែ២៣ភូមិទេ ជាភូមិគ្រុនចាញ់ ហើយយើងកំពុងប្រយុទ្ធផ្តាច់ព្រ័ត្រចុងក្រោយ។ ចំណុចទី៣ គឺការចូលរួមអនុវត្តន៍ពីប្រជាពលរដ្ឋដោយផ្ទាល់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាកម្មវិធីជាតិលុបបំបាត់ជំងឺគ្រុនចាញ់ និងចំណុចមួយទៀតគឺមានការចូលរួមពីដៃគូ ដែលបានផ្តល់ជំនួយទាំងបច្ចេកទេស ថវិកា ដែលធ្វើឱ្យមន្ទីរសុខាភិបាលខេត្តរតនៈគិរីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអនុវត្តន៍សកម្មភាពលុបបំបាត់ជំងីគ្រុនចាញ់»។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនាបញ្ជាក់ផងដែរថា មន្ទីរសុខាភិបាលខេត្តរតនៈគិរីនៅតែបន្តអនុវត្តន៍ផែនការដែលមានស្រាប់ និងបានដាក់ចេញកន្លងមកដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះមួយភាគរយនៅឆ្នាំ២០២៥។

សំឡេង៖ «យើងនឹងបន្តអនុវត្តន៍យុទ្ធសាស្រ្ត និងសកម្មភាពដែលដាក់ចេញដោយក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌលជាតិលុបបំបាត់ជំងឺគ្រុនចាញ់ដាក់ចេញកន្លងមក គឺពេលចូលព្រៃ ត្រូវតែប្រើថ្នាំការពារ ហើយត្រូវយកកញ្ចប់សុវត្ថិភាពសម្រាប់ការពារគ្រុនចាញ់តាមខ្លួនជានិច្ច បើចេញពីព្រៃមកបើសង្ស័យ ត្រូវតែជុសឈាមជាមួយនឹងក្រុមស្ម័គ្រចិត្តគ្រុនចាញ់ភូមិ ដែលនាំចាំជួយពួគាត់នេះទី១។ ទី២ក្នុងករណីដែលយើងរកឃើញថា មានជំងឺគ្រុនចាញ់ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តនឹងចុះទៅជាបន្ទាន់ ដើម្បីធ្វើការកាត់ផ្តាច់ការចម្លង កុំឱ្យឆ្លងមកសហគមន៍ព្រោះថា មេរោគគ្រុនចាញ់វាមិនមានជីវិតរស់យូទេ និងចំណុចទី៣ យើងនៅតែប្រើប្រាស់ឱសថដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានអនុញ្ញាតឱ្យប្រើក្នុងការលុបបំបាត់ជំងឺនេះ ពោលគឺយើងអនុវត្តរហូតដល់ទទួលជោគជ័យ»។

កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការអបអរសាទរជាមួយ ពិភពលោកទាំងមូលចំពោះការប្រារព្ធ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និង ទិវាគ្រុនចាញ់ពិភពលោក» ដែលប្រារព្ធឡើង ក្នុងគោលបំណងរំលឹក និង បង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់រាជរដ្ឋាភិបាលព្រមទាំងសាធារណជនគ្រប់រូប ដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅ គ្មានជំងឺគ្រុនចាញ់ទាំងក្នុងភូមិសាស្ត្រប្រទេស ក៏ដូចជា មហាអនុតំបន់ទន្លមេគង្គនិងពិភពលោកទាំងមូល សំដៅលើកកម្ពស់សុខមាលភាពសង្គម និងរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។

«ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទិវាគ្រុនចាញ់ពិភពលោក» ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាអនុវត្តន៏គន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បី លើកកម្ពស់សុខុមាលភាព»។

ក្នុងឱកាសទិវាដ៏មានសារៈសំខាន់នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេស នៅតាមទីជនបទ ក៏ដូចជាក្នុងភូមិសាស្ត្រព្រៃភ្នំ ដែលប្រឈមនឹងការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់។

រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវផែនការជាច្រើន រាប់ទាំងផែនការ បំបាត់ជំងឺគ្រុនចាញ់ឱ្យបាននៅឆ្នាំ២០២៥។ ជំងឺគ្រុនចាញ់ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។

ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅ សម្រាប់មនុស្សជាតិ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់ទិសដៅទៅអនាគត កម្ពុជានឹងបន្តពង្រឹងកិច្ចសហការ ជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួយសហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន ជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។

សម្តេចក៏អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត, ភាពជាដៃគូដោយយក ប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ ឆ្នាំ២០២៥។

ដើម្បីអបអរសាទរខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ សម្តេចក៏សូមគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេសការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន។

សម្រាប់ប្រទេសកម្ពុជា ដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺនករណី និងស្លាប់ជិត ១,០០០នាក់ នាទស្សវត្សឆ្នាំ៨០។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់ បានថយចុះមកនៅចំនួន ៣,៩៥៩ករណី និងគ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

សមិទ្ធផលដ៏ត្រចះត្រចង់នេះកើតចេញពីការអនុវត្តនូវ យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្រ្តចំនួនបួន រួមមាន៖ ១) ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានរហ័ស ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ជៀសភាពស៊ាំរបស់ថ្នាំនេះ ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ និង ៤) ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែន តាមយុទ្ធសាស្រ្តសកល និងតំបន់ ព្រមទាំងរៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក៕

(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន )