(កៀវ)៖ រដ្ឋមន្រី្តហិរញ្ញវត្ថុអ៊ុយក្រែន លោក សឺហ្គៃ ម៉ាឆេនកូ (Sergey Marchenko) បានស្នើសុំជំនួយបន្ទាន់ផ្នែកសេដ្ឋកិច្ច យ៉ាងតិច២ពាន់លានដុល្លារ ក្នុង១ខែ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈដែលទីក្រុងកៀវសង្ឃឹមថា នឹងអាចរៃអង្គាសប្រាក់បន្ថែមចំនួន ៣ពាន់លានដុល្លារក្នុង១ខែ ពីប្រភពផ្សេងៗទៀត។ នេះបើយោងតាមការដកស្រង់ផ្សាយ ពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

អំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន លោក Marchenko បានជួបជាមួយ ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក និងបានព្រមានអំពីវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរថែមទៀត ប្រសិនបើមិនអាចទទួលបាន ជំនួយហិរញ្ញាវត្ថុ ដែលអ៊ុយក្រែនស្នើសុំនោះ។ លោកបានពន្យល់ថា ទឹកប្រាក់សរុបចំនួន ៥ពាន់លានដុល្លារ ក្នុង១ខែ គឺត្រូវការសម្រាប់តម្រូវការបន្ទាន់ ក្នុងខែមេសានេះ ព្រមទាំងសម្រាប់ខែឧសភា និងមិថុនា។ បន្ថែមពីលើនេះ ទីក្រុងកៀវរំពឹងថា នឹងស្នើសុំកញ្ចប់ជំនួយអន្តរជាតិបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន ស្តារប្រទេសឡើងវិញពី ការខូចខាតដែលបង្កឡើងដោយសារ ការឈ្លានពានរបស់រុស្ស៉ី។

ថ្លែងប្រាប់កាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington Post) លោក Marchenko បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា « អ៊ុយក្រែន នាពេលនេះ ត្រូវការជំនួយហិរញ្ញវត្ថុជាចាំបាច់ និងដើម្បីឈ្នះនៅក្នុងសង្រ្គាម»

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ី បើកការវាយប្រហារអ៊ុយក្រែន សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ចំនួន១ពាន់លានដុល្លារ រួចហើយដល់ទីក្រុងកៀវ ខណៈដែលរដ្ឋបាលរបស់លោក បៃដិន ទើបតែបន្ថែមទឹកប្រាក់ចំនួន ៥០០លានដុល្លារទៀត កាលពីសប្តាហ៍មុន។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៉ីនតោន ក៏បានផ្តល់ជំនួយយោធាសរុបជាង ៣ពាន់លានដុល្លារ ដល់ទីក្រុងកៀវផងដែរ៕