(ប៉េកាំង)៖ កាលពីថ្ងៃទី២៦ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិមចិនលើកទី១១ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាពង្រឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធដោយគ្រប់ជ្រុងជ្រោយ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធគឺជាការទ្រទ្រង់ដ៏សំខាន់សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហេតុនេះត្រូវតែពង្រឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធដោយគ្រប់ជ្រុងជ្រោយ កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។

កិច្ចប្រជុំលើកនេះបានលើកឡើងថា ត្រូវតែពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធបែបបណ្តាញលើវិស័យដឹកជញ្ជូន ថាមពល និងធារាសាស្រ្តជាដើម ហើយផ្តោតសំខាន់លើការតភ្ជាប់ជាបណ្តាញ បំពេញបន្ថែមជាបណ្តាញ និងពង្រឹងខ្សែសង្វាក់ក្នុងការកសាង ខិតខំបង្កើនប្រសិទ្ធភាពនៃបណ្តាញ។ ត្រូវបង្កើនការគាំទ្រដល់ការធានា ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ត្រូវធ្វើការសម្របសម្រួលការអភិវឌ្ឍ និងសុវត្ថិភាពដែលជាបញ្ហាសំខាន់ទាំងពីរ៕