(ដាម៉ាស)៖ ប្រព័ន្ធការពារដែនអាកាសស៊ីរី បានឆ្លើយតបចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល នៅទីក្រុងដាម៉ាស (Damascus) កាលពីវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃពុធនេះ (ពេលវេលាក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានចិន ស៊ិនហួរ (Xinhua) នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ សាណា (SANA) របស់ប្រទេសស៊ីរី បានឲ្យដឹងថា ប្រជាជននៅក្នុងរដ្ឋធានីដាម៉ាស បានឮសំលេងផ្ទុះដ៏ខ្លាំងក្លា ដែលជាលទ្ធផលនៃការវាប្រហារមីស៉ីល និងការបាញ់ស្កាត់ ដោយប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត នៃហេតុការណ៍ ដែលបានកើតឡើងនោះទេ។

ដោយឡែក បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងបានកើតឡើងចំនួន១២លើក ក្នុងទីក្រុងដាម៉ាស និងនៅជាយក្រុង ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល៕