(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ កោះតៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពយោធា ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់យោធាចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

ការលើកឡើងរបស់លោក Antony Blinken ធ្វើឡើងជាការឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងពេលផ្ដល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Blinken បានសង្កត់ធ្ងន់ដូច្នេះថា «រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានប្ដេជ្ញាចិត្តដើម្បីធានាឱ្យបានថាតៃវ៉ាន់មានមធ្យោបាយចាំបាច់ទាំងអស់ ក្នុងការការពារខ្លួនឯងប្រឆាំងនឹង ការឈ្លានពាន ក្នុងនោះរួមមានសកម្មភាពឯកតោភាគីរបស់ចិន ដែលបានកំពុងស្ថានភាពដើមនៅក្នុងតំបន់អស់រាប់ទសវត្សរ៍មកនេះ»

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការលុកលុយចូលអ៊ុយក្រែនកាលពីថ្ងៃ២៤ ខែកុម្ភៈ បានបង្កការព្រួយបារម្ភជាខ្លាំងថាចិនអាចនឹងប្រើកម្លាំងវាយយក កោះតៃវ៉ាន់ បើទោះជាទីក្រុងប៉េកាំងអះអាងថាតៃវ៉ាន់ និងអ៊ុយក្រែនមិនដូចគ្នាឡើយ ព្រោះថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិនរួចទៅហើយ។