(ប៉េកាំង)៖ វីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង អាចឆ្លងឆាប់រហ័សជាងវីរុសកូវីដ១៩ប្រភេទមុនៗ ហើយរោគសញ្ញានៃការឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង ក៏មិនងាយបង្ហាញចេញផងដែរ ដែលធ្វើឲ្យការស្វែងរកអ្នកឆ្លងវីរុសប្រភេទថ្មីនេះ ជួបប្រទះការលំបាកជាងមុន។ អ្នកជំនាញផ្នែកសុខាភិបាលបានអះអាងថា ការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង គឺលំបាកជាងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ប្រភេទដែលតា រហូតដល់ទៅជាង១០ដង។

ចាប់តាំងពីពេលដែលជំងឺកូវីដ១៩ បានផ្ទុះឡើងនាគ្រាដំបូង ប្រទេសចិនបានប្រកាន់យក និងអនុវត្តគោលនយោបាយគ្មានជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ហើយនាពេលបច្ចុប្បន្ន ប្រទេសចិន នឹងនៅតែបន្តអនុវត្តគោលនយោបាយគ្មានជំងឺកូវីដនេះ ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការកើនឡើងវិញ នូវការឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង។ គោលនយោបាយគ្មានជំងឺកូវីដ របស់ប្រទេសចិន គឺជាយុទ្ធសាស្រ្តមួយ ដែលប្រើប្រាស់វិធានការឆាប់រហ័ស ម៉ឺងម៉ាត់ និងតឹងរ៉ឹង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ និងកាត់បន្ថយចំនួនអ្នកឆ្លង ចំនួនករណីធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់។ ជារួម គោលនយោបាយនេះ មានគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ឲ្យបានក្នុងរយៈពេលខ្លីបំផុតតាមដែលអាចធ្វើទៅបាន។

នៅគ្រាដំបូង បស្ចិមប្រទេសនានា បានរិះគន់វាយប្រហារយុទ្ធសាស្រ្តគ្មានជំងឺកូវីដ១៩ របស់ប្រទេសចិន ប៉ុន្តែក្រោយមកពួកគេក៏បានអនុវត្តយុទ្ធសាស្រ្តដូចគ្នានេះផងដែរ។ ប៉ុន្តែពួកគេអនុវត្តដោយមិនពេញលេញនិងមិនម៉ឺងម៉ាត់ ដែលបង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសពួកគេ ដោយមនុស្សជាច្រើនបានឆ្លងវីរុសកូវីដ១៩និងបានស្លាប់។

តែផ្ទុយទៅវិញ នៅមុនពេលនៃការផ្ទុះឡើងវិញនាពេលថ្មីៗនេះ ប្រទេសចិនទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ គោលនយោបាយគ្មានជំងឺ កូវីដ១៩ នេះហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ចំនួនអ្នកជំងឺធ្ងន់ធ្ងរ និងចំនួនអ្នកបាត់បង់ជីវិត នៅក្នុងប្រទេសចិន ស្ដិតនៅក្នុងកម្រិតទាប បើទោះបីជាប្រទេសចិនមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកក៏ដោយ។

ជាងនេះទៅទៀត គោលនយោបាយនេះ បានជួយប្រទេសចិនឲ្យរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងកីឡាអូឡាំពិកជនពិការដូវរងាប្រកបដោយសុវត្ថិភាព កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ។ គោលនយោបាយនេះ ក៏ជាកត្តាចម្បងមួយដែលធ្វើឲ្យប្រទេសចិន អាចស្ដារកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅ ប្រទេសចិនទទួលបានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់រហូតដល់៨.១%។ ការទប់ស្កាត់ជំងឺរាតត្បាតដ៏មានប្រសិទ្ធភាពបែបនេះ បានជួយប្រទេសចិនក្នុងការរក្សាស្ថេរភាព នៃខ្សែចង្វាក់ឧស្សាហកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពិភពលោក និងបានប្រែក្លាយប្រទេសចិនទៅជាអ្នករួមចំណែក ប្រកបដោយប្រសិទ្ធភាពក្នុងការផ្ដល់សម្ភារៈ ឱសថ និងវ៉ាក់សាំងកូវីដ១៩ ទៅឲ្យប្រទេសកំពុងអភិវឌ្ឍនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាងពីរពាន់លានដូសទៅឲ្យប្រទេសនានា ដែលធ្វើឲ្យប្រទេសចិនក្លាយជា អ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ធំជាងគេបំផុតនៅក្នុងពិភពលោក។

គោលនយោបាយគ្មានជំងឺកូវីដ១៩ គឺជាយុទ្ធសាស្រ្តមួយដែលផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលក្នុងរយៈពេលត្រឹមតែពីរបីសប្ដាហ៍ ។ តាមរយៈការអនុវត្តគោលនយោបាយគ្មានជំងឺកូវីដនេះ ទីក្រុងហ្សិនចិន ដែលជាទីក្រុងដ៏ធំមួយដែលមានប្រជាជនជាង ១៧លាននាក់ អាចគ្រប់គ្រងការរីករាលដាលវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ក្នុងរយៈពេលត្រឹមមួយខែ។

ជោគជ័យនាពេលកន្លងមកទាំងនេះ គឺជាភស្តុតាងដ៏រឹងមាំដែលបង្ហាញថា គោលនយោបាយគ្មានជំងឺកូវីដ១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឹកូវីដ១៩។ ជោគជ័យទាំងនេះ បានពង្រឹងការជឿជាក់របស់សាធារណជន ទៅលើគោលនយោបាយគ្មានជំងឺកូវីដ១៩ ហើយប្រជាជនគ្រប់មជ្ឈដ្ឋាន បានគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តគោលនយោបាយនេះយ៉ាងសស្រាក់សស្រាំ។ ប្រជាជនគ្រប់មជ្ឈដ្ឋានបានចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋាភិបាលក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ និងអនុវត្តវិធានការគ្មានកូវីដ១៩។

ជាមួយនឹងឆន្ទៈមោះមុត បទពិសោធន៍និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩របស់រដ្ឋាភិបាលចិន និងដោយមានការគាំទ្រនិងចូលរួមយ៉ាងពេញទំហឹងពីប្រជាជនគ្រប់មជ្ឈដ្ឋាន គេរំពឹងថាការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ នឹងត្រូវគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព ហើយស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន នឹងវិលមករកសភាពធម្មតាវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕