(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឱ្យដឹងនៅថ្ងៃអង្គារនេះថាលោកនឹងរ៉ាយរ៉ាប់លម្អិតពីយុទ្ធសាស្ត្រសន្តិសុខជាតិ ដើម្បីដោះស្រាយជាមួយការកើនឡើងឥទ្ធិពលចិន ដែលកំពុងលេចត្រដែតឡើងជាកំពូលមហាអំណាចមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះនៅក្នុងការផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភា អាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Blinken បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាខ្ញុំនឹងមានឱកាសមួយ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ ខាងមុខនេះ ដើម្បីនិយាយជាសាធារណៈ និងរ៉ាយរ៉ាលម្អិតអំពីយុទ្ធសាស្ត្រ»

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចាត់ទុកថាចិនជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតក្នុងស.វទី២១ ដែលអាច ប្រជែងឥទ្ធិពលលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក។ កាលពីខែកុម្ភៈកន្លងទៅនេះបានប្រកាសពីយុទ្ធសាស្ត្រថ្មីមួយសម្រាប់យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយការសន្យាថានឹងប្ដេជ្ញាចិត្តបង្កើនការទូត និងធនធានបន្ថែមទៅកាន់តំបន់ ដើម្បីទប់ទល់នឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនយល់ថា ជាការព្យាយាមរបស់ចិនក្នុងការបង្កើតដែនឥទ្ធិពលមួយនៅក្នុងតំបន់៕