(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនពីន (Wang Wenbin) បាននិយាយនៅថ្ងៃអង្គារនេះថា គ្មាននរណាម្នាក់ចង់ឃើញ ការផ្ទុះសង្រ្គាមលោកលើកទី៣នោះទេ ហើយប្រទេសចិនគាំទ្រ ការដោះស្រាយជម្លោះនៅអ៊ុយក្រែន តាមរយៈមធ្យោបាយការទូត។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

លោក Wang បានគូសបញ្ជាក់ថា «ភាគីទាំងអស់គួរតែគាំទ្រកិច្ចសន្ទនា ឬការចរចារជាអាទិភាព ដើម្បីការពារជម្លោះ កុំឲ្យកើនឡើង និងដើម្បីចៀសវាង កុំឲ្យអឺរ៉ុបក៏ដូចជាពិភពលោក ខាតបង់តម្លៃកាន់តែធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់អ្នកនាំពាក្យចិន កើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានព្រមានអំពីហានីភ័យនៃ សង្រ្គាមលោកលើកទី៣ ក៏ដូចជាសង្រ្គាមនុយក្លេអ៊ែរ ចំពោះមុខភាពតានតឹង ជុំវិញវិបត្តិនៅអ៊ុយក្រែន៕