(ជីស៊ីណូ)៖ មន្រ្តីនៃតំបន់ផ្តាច់ខ្លួន ត្រេនស្នីស្រ្ទៀ (Transnistria) របស់ប្រទេសម៉ុលដាវី បានរាយការណ៍ពីករណីផ្ទុះមួយចំនួន ដែលបានកើតឡើង នៅឯក្រសួងសន្តិសុខរដ្ឋ ក្រោយករណីដែលត្រូវបានហៅថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបាញ់ពីលើស្មា។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

ភ្លាមៗនៅមិនទាន់មានរបាយការណ៍អំពី អ្នករងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះនៅឡើយទេ។ ដោយឡែក បើតាមសេចក្តីថ្លែងការណ៍នៅលើហ្វេសប៊ុក ពីក្រសួងសន្តិសុខនៃតំបន់ Transnistria , ការវាយបំផ្ទុះនោះ បានកើតឡើង នៅក្នុងទីក្រុង ទីរ៉ាស់ប៉ុល (Tiraspol) វេលាម៉ោង៦ល្ងាច កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ចំថ្ងៃសម្រាកនៃពិធីបុណ្យ Easter។ សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា បង្អួចអគារមួយចំនួន បានរងការខូចខាត ខណៈដែលព័ត៌មានបឋមបង្ហាញថា ជនដៃដល់ បានប្រើប្រាស់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតចេញពីលើស្មា។

ហេតុការណ៍ខាងលើ ក៏ត្រូវបានផ្សព្វផ្សាយ ដោយប៉ុស្តិ៍ទូរទស្សន៍ម៉ុលដាវី ភើវី ព្រីដណេស្ត្រូវស្គី (Pervy Pridnestrovsky) ដោយស្រង់សម្តីរបស់សាក្សីថា ពួកគេបានលឺសូរ ការផ្ទុះកើតមានជាច្រើនដង ខណៈអ្នកជំនាញដោះគ្រាប់បែក, អ្នកពន្លត់អគ្គិភ័យ, និងក្រុមគ្រូពេទ្យត្រូវបានហៅទៅកាន់កន្លែងកើតហេតុ។ ទោះយ៉ាងណា នៅមិនទាន់មានអ្នកចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេស្របពេលដែល ក្រសួងការបរទេសម៉ុលដាវី បានថ្កោលទោសវាថា ជាការប៉ុនប៉ងបង្កើតលេស ដើម្បីរឹតបន្តឹងសន្តិសុខ នៅក្នុងតំបន់ Transnistria ដែលមិនត្រូវបានគ្រប់គ្រង ដោយអាជ្ញាធរស្របច្បាប់។

គួរបញ្ជាក់ថា Transnistria ជាតំបន់ដែលមានប្រជាជនប្រហែល ៤៧០,០០០ ស្ថិតនៅរវាងម៉ុលដាវី និងអ៊ុយក្រែន ហើយស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបំបែករដ្ឋ ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៩២មក។ រុស្ស៉ី ក៏មានកងទ័ពប្រហែល ១,៥០០នាក់ នៅទីនោះផងដែរ ដោយហៅពួកគេថាជា កងរក្សាសន្តិភាព ប៉ុន្តែមានការព្រួយបារម្ភថា កងកម្លាំងទាំងនោះអាចត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារអ៊ុយក្រែន ពីភាគខាងលិច៕