(តូក្យូ)៖ គណៈប្រតិភូគោលនយោយបាយការបរទេស របស់ប្រធានាធិតីជាប់ឆ្នោតកូរ៉េខាងត្បូង បានជួបជាមួយ លោក ហ្វូមីអូ គីស៊ិដា (Fumio Kishida) នៅថ្ងៃអង្គារនេះ ខណៈប្រទេសទាំងពី ដែលជាសម្ព័ន្ធមិត្តររបស់សហរដ្ឋអាមេរិកដូចគ្នា មានបំណងផ្សះផ្សាទំនាក់ទំនងដ៏តានតឹង ជាយូរមកហើយនោះ ឱ្យប្រសើរឡើងជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

ក្នុងអំឡុងកិច្ចប្រជុំ លោក Kishida បានថ្លែងថា «កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងជប៉ុន, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឥលូវនេះ គឺចាំបាច់ជាងពេលណាទាំងអស់»។ លោក បន្ថែមថា «យើងមិនមានពេលវេលាសម្រាប់ខ្ជះខ្ជាយឡើយ គឺត្រូវប្រឹងប្រែងពង្រឹងទំនាក់ទំនងរវាង ជប៉ុននិងកូរ៉េខាងត្បូងឱ្យប្រសើរឡើងជាងមុន»

ដោយឡែក ប្រធានប្រតិភូកូរ៉េខាងត្បូង លោក ជុង ជីនស៊ុក (Chung Jin-suk) បានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានយល់ព្រមជាមួយលោក Kishida ដើម្បីការជាមួយគ្នា ក្នុងការធ្វើឲ្យទំនាក់ទំនងឆ្ពោះមុខ និងបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា លោក យូន ស៊ុកយើល (Yoon Suk-yeol) ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី១០ ខែឧសភាខាងមុខនេះ បានបង្ហាញពីចេតនា ក្នុងការធ្វើឲ្យប្រសើរឡើងវិញ នូវទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលត្រូវបានញាំញីដោយជម្លោះ ផ្តើមចេញពីអាណានិគមជប៉ុន កាលពីសម័យឆ្នាំ១៩១០-១៩៤៥ នៅឧទ្វីបកូរ៉េ ក្នុងពេលដែល ប្រទេសទាំងពីរប្រឈមមុខនឹងការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង។ គណៈប្រតិភូកូរ៉េខាងត្បូង ចំនួន៧រូប បានទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ចំពេលដែលមានការរំពឹងទុកថា លោកនាយករដ្ឋមន្រ្តី Kishida អាចនឹងចូលរួមក្នុងពិធីកាន់តំណែងរបស់ លោក Yoon៕