(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាបង្កើនការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ នៅឯព្យុហយាត្រាយោធាមួយក្នុងទីក្រុង ព្យុងយ៉ាង កាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះដោយមានទាំងការសម្ញែងមីស៊ីលបាលិស្ទីគ ICBM ផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៩០ នៃការបង្កើតទ័ព កូរ៉េខាងជើង ហើយយោធាកូរ៉េខាងត្បូងបានទទួលស្គាល់ដែរថាពិតជាបានធ្វើព្យុហយាត្រាយោធាដ៏ធំកាលពីថ្ងៃចន្ទ។ បើតាមប្រភពពី យោធាកូរ៉េខាងត្បូង, ព្យុហយាត្រាយោធានេះ បានចាប់ផ្តើមនៅឯទីលានមួយ ស្ថិតនៅកណ្តាលទីក្រុងព្យុងយ៉ាង វេលាម៉ោងប្រហែល ១០យប់ បន្ទាប់ពីពិធីប្រារព្ធខួបលើកទី៩០ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថាព្យុហយាត្រាយោធានេះ ប្រហែលជាមានទំហំធំបំផុត មិនធ្លាប់មាន ដោយមានការចូលរួមពីទាហាន ២០,០០០នាក់ និងការបង្ហាញសព្វាវុធជាង ២៥០គ្រឿង រួមទាំងបរិក្ខាយោធាជាច្រើនទៀតផងដែរ។

បន្ថែមពីលើនេះ ព្យុហយាត្រានេះ មានការបង្ហាញនូវមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើង ដូចជាមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 និងមីស៊ីល Hwasong-8 ដែលក្រុងព្យុងយ៉ាងអះអាងថាជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង។

គួរបញ្ជាក់ថា ថ្ងៃចន្ទសប្តាហ៍នេះ គឺជាខួបលើកទី៩០ ចាប់តាំងពីលោក គីម អ៊ីលស៊ុង (Kim Il Sung) ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ន លោក គីម ជុងអ៊ុន (Kim Jong Un) បានបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េក្នុងឆ្នាំ១៩៣២៕