(កៀវ)៖ រុស្ស៉ី បានប្រាប់ពិភពលោកទាំងមូលកុំឱ្យមើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ អមជាមួយការព្រមានថាអាវុធដែលលោកខាងលិច បញ្ជូនឱ្យអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

ការព្រមានខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ី នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ឡារ៉ូវបានព្រមានដូច្នេះថា «បច្ចុប្បន្ន, ហានិភ័យមានច្រើនសន្ធឹកសន្ធាប់។ ខ្ញុំមិនចង់ឃើញហានិភ័យ បែបនេះទេ តែមានមនុស្សមួយចំនួនប្រហែលចូលចិត្តបែបនោះ។ គ្រោះថ្នាក់គឺមានពិតប្រាកដ ហើយយើងមិនត្រូវមើលស្រាលវាឡើយ»។

លោក ឡារ៉ូវ ធ្វើការកត់សម្គាល់បែបនេះឆ្លើយតបទៅនឹងសំណួរពីសារៈសំខាន់នៃការបញ្ចៀសសង្រ្គាមលោកលើកទី៣ ឬសង្រ្គាមនុយក្លេអ៊ែរ និងថាតើ ស្ថានភាពបច្ចុប្បន្ន មានសភាពធ្ងន់ធ្ងរជាងវិបត្តិមីស៊ីលគុយបា រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៦២ ដែរឬក៏យ៉ាងណា។ តែ បើគេចាំមិនភ្លេចទេ រដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះក៏ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះដែរថារុស្ស៉ីនឹងមិនប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន នោះទេ។

គួរបញ្ជាក់ថា សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនបានចូលដល់ដំណាក់កាលទី២ហើយ ដោយកងទ័ពរុស្ស៉ីកំពុងផ្ដោតលើតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ខណៈការវាយប្រហារនៅតែបន្តកើតមានលើទីក្រុងជាច្រើនផ្សេងទៀតផងដែរ។ ចំណែកឯ សហរដ្ឋអាមេរិក និងបណ្ដាប្រទេស ជាសម្ព័ន្ធមិត្តលោកខាងលិច បាន និងកំពុងបញ្ជូនអាវុធបន្ថែមឱ្យអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយកងទ័ពរុស្ស៉ី៕