(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាតើស ម៉ូរ៉ាវិចគី (Mateusz Morawiecki) បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថាប្រទេសរបស់បានប្រគល់ រថក្រោះជាគ្រឿងឱ្យអ៊ុយក្រែន រួចរាល់ហើយ តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

អ៊ុយក្រែន បានទទូចសុំឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែមជាបន្ទាន់ មកឱ្យខ្លួនជាពិសេសគឺអាវុធធុនធ្ងន់តែម្ដង ខណៈកងទ័ពរុស្ស៉ី នៅតែបន្តបើកការវាយលុក។ ជុំវិញការបញ្ជូនអាវុធនេះដែរ, នៅពេលត្រូវបានសាកសួរថាតើប៉ូឡូញបាន ឬក៏នឹងបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ដែរឬទេ? លោក Morawiecki បានឆ្លើយយ៉ាងខ្លីថា «Yes» តែលោកបានបដិសេធផ្ដល់ព័ត៌មានលម្អិត។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ, ប៉ូឡូញ បានអះអាងថាត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនយន្ដហោះចម្បាំង MiG-29 ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជូនបន្តឱ្យអ៊ុយក្រែន។ ប៉ុន្តែសំណើនេះត្រូវបានសហរដ្ឋអាមេរិកច្រានចោល៕