(ហែលស៊ិនគី)៖ ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងចាប់ផ្ដើមដាក់សុំចូលជាសមាជិកអង្គការ NATO នៅខែឧសភាខាងមុខ ខណៈរុស្ស៉ីបានព្រមាន ប្រទេសទាំង២រួចហើយពីផលវិបាកមិនអាចស្មានបាន ប្រសិនបើពួកគេចូលរួមជាមួយបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ហ្វាំងឡង់ និងស៊ុយអែត ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

សារព័ត៌មានហ្វាំងឡង់ អ៉ីលតាលែសទី (Iltalehti) និងសារព័ត៌មាន អ៉ិចប្រេសសិន (Expressen) របស់ស៊ុយអែត ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីដែលបានដឹងពីបញ្ហាខាងលើ។ បើតាមសារព័ត៌មាន Iltalehti មេដឹកនាំហ្វាំងឡង់ និងស៊ុយអែត មានផែនការជួបគ្នា នៅក្នុងសប្ដាហ៍នៃថ្ងៃទី១៦ ខែឧសភាខាងមុខ បន្ទាប់ពីពួកគេប្រកាសជាសាធារណៈពីផែនការដាក់ពាក្យសុំចូលរួមជាសមាជិក NATO។ ប៉ុន្តែ ទាំងខាងក្រសួងការបរទេសហ្វាំងឡង់ និងស៊ុយអែត មិនបានធ្វើអត្ថាធិប្បាយអ្វីពាក់នឹងសេចក្ដីរាយការណ៍នេះទេ។

គួរបញ្ជាក់ថា ទោះជាបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធជាមួយ NATO ចាប់តាំងពីរុស្ស៉ីក្រសោបយកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤ ក៏ដោយ តែហ្វាំងឡង់ និងស៊ុយអែតនៅតែព្យាយាមរក្សាខ្លួនអព្យាក្រឹតពីបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ ប៉ុន្តែ សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន បានបង្ខំឱ្យប្រទេសទាំង២ ចាប់ផ្ដើមសើរើឡើងវិញនូវអព្យាក្រឹតភាពរបស់ខ្លួន៕