(ប៉េកាំង)៖ ចិននឹងចេញបេសកកម្មសាកល្បងមួយ ដើម្បីកែប្រែគន្លងគោចររបស់អាចម៍ផ្កាយ តាមរយៈការបំបុកយានអវកាស ដែលវាគឺជា ផ្នែកនៃផែនការសម្រាប់អភិវឌ្ឍ ប្រព័ន្ធការពារភពផែនដីរបស់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space News នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

លោក វូ យ៉ានហ័រ (Wu Yanhua) អនុប្រធានរដ្ឋបាលអវកាសចិន CNSA បានប្រាប់ទូរទស្សន៍ចិន CCTV ថា ចិនកំពុងព្រាងផែនការ ហើយនឹងធ្វើការសិក្សាបច្ចេកទេស-ស្រាវជ្រាវ ទៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធការពារមួយ ដែលអាចទប់ទល់ការគំរាមកំហែង ដែលបង្កឡើងដោយក្រុមអាចម៍ផ្កាយ ដែលធ្វើដំណើរកៀកនឹងភពរបស់យើង។

បើតាមលោក Wu ជំហានដំបូង រដ្ឋបាល CNSA នឹងបង្កើតប្រព័ន្ធប្រកាសអាសន្នទាន់ពេលវេលា ព្រមទាំងអភិវឌ្ឍកម្មវិធី software ដែលផ្តល់ឱកាសក្នុងការហាត់សមប្រឆាំងអាចម៍ផ្កាយទាំងនោះ ហើយធ្វើតេស្តក៏ដូចជាផ្ទៀងផ្ទាត់នីតិវិធីគោលផ្សេងៗ។ បន្ទាប់មក នឹងមានយានបេសកកម្មមួយគ្រឿង ដែលត្រូវធ្វើដំណើរទៅកៀកអាចម៍ផ្កាយមួយ ដែលត្រូវបានជ្រើសរើស ហើយបំបុកខ្លួនទៅនឹងគោលដៅនោះ ដើម្បីព្យាយាមផ្លាស់ប្តូរគន្លងរបស់វា។ បើតាមលោក Wu បេសកកម្មបំបុកអាចម៍ផ្កាយនេះ ត្រូវរំពឹងថា នឹងកើតឡើងនៅខ្ទង់ឆ្នាំ២០២៥ ឬក៏២០២៦។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជូនបេសកកម្មហៅថា DART ក្រោមគោលដៅដូចគ្នា។ យានអវកាស DART នឹងបំបុកខ្លួនវាទៅលើ ផ្ទៃអាចម៍ផ្កាយឈ្មោះថា Dimorphos នៅខែកញ្ញា ឆ្នាំនេះ ដើម្បីសាកល្បងមើលថាតើ វាអាចធ្វើឱ្យអាចម៍ផ្កាយនោះ កែប្រែគន្លងគោចរដែរឬអត់៕