(ឌូបៃ)៖ ប្រទេសជាគូប្រជែងស្លាប់រស់ទាំង២ គឺអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានរៀបចំកិច្ចចរចាជុំទី៥ ប្រកបដោយភាពវិជ្ជមាន ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ស្ដីពីការសា្ដរទំនាក់ទំនងទ្វេភាគីឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ការទទួលស្គាល់ពីជំនួបខាងលើរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីដ ខាទីបហ្សាដែស (Saeed Khatibzadeh) ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា «កិច្ចចរចាជុំទី៥ រវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់បានប្រព្រឹត្តទៅក្នុងប្រទេសអ៉ីរ៉ាក់ ហើយកិច្ចចរចានេះមានភាពរីកចម្រើន និងភាពវិជ្ជមាន»

លោក ខាទីបហ្សាដែស បន្ថែមថាកិច្ចចរចាខាងលើក៏មានការជជែកផងដែរពីការបញ្ជូនអ្នកធ្វើធម្មយាត្រាអ៉ីរ៉ង់ ៤០,០០០នាក់ ទៅចូលរួមក្នុង ធម្មយាត្រាហាជ ក្នុងទីក្រុងមិកកា (Mecca) ក្នុងឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់កាលពីឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករអ៉ីរ៉ង់បានវាយប្រហារ និងសម្រុកចូល ស្ថានទូតអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងតេហេរ៉ង់ ជាការឆ្លើយតបទៅនឹងទីក្រុងរីយ៉ាដ ដែលបានកាត់ទោសប្រហារជីវិតបុព្វជិតស៉ីអ៉ីតម្នាក់៕