(វ៉ាស៉ីនតោន)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណាហ្វតាលី បេននេត (Naftali Bennett) និងសេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៉ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីមានការអញ្ជើញដោយលោក Bennett ផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ការិយាល័យរបស់លោក Bennett បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅទៅលើ ការប៉ះទង្គិចគ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីននៅឯវិហារអ៉ីស្លាម អាល់ អាកសា (Al-Aqsa) យ៉ាងដូច្នេះថា មេដឹកនាំទាំងពីរបាននិយាយគ្នា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយលោក Bennett បានរាយការណ៍ដោយសង្ខេបប្រាប់លោក Biden អំពីកិច្ចខិតខំប្រឹងប្រែង «ដើម្បីបញ្ឈប់អំពើហិង្សា និងការញុះញង់នៅក្នុងទីក្រុង ហ្សេរុយសាឡឹម (Jerusalem)»

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីនចំនួន៥៧នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ជាមួយក្រុមប៉ូលិសអ៉ីស្រាអែល នៅក្នុងបរិវេណវិហារអ៉ីស្លាម កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានបង្កើនការព្រួយបារម្ភម្ដងទៀត អំពីសង្គ្រាមកាលពីឆ្នាំមុន រវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា (Gaza)។

សេតវិមាន ក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា លោក Biden «បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តរវាងក្រុមមន្ត្រីអ៉ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីកាត់បន្ថយភាពតានតឹង និងធានាបាននូវការបញ្ចប់ដោយសន្តិវិធី ចំពោះមុខខែបួសរ៉ាម៉ាដន (Ramadan)» ហើយបានអះអាងពី «ការគាំទ្រឥតងាករេរបស់លោកសម្រាប់អ៉ីស្រាអែល និងតម្រូវការការពារជាតិទៀតផង»

បើតាមសេតវិមាន មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពី «ការគំរាមកំហែងដែលបង្កឡើងដោយអ៉ីរ៉ង់ផងដែរ»។ ជាពិសេស ពួកគេបានពិភាក្សាអំពីការទាមទាររបស់ទីក្រុង តេហេរ៉ង់ (Tehran) ក្នុងការដកឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ចេញពីបញ្ជីភេរវករ របស់សហរដ្ឋអាមេរិក ហើយដកស្រង់សំដីរបស់លោក Bennett និយាយយ៉ាងដូច្នេះថា «ខ្ញុំមានទំនុកចិត្តថាលោកប្រធានាធិបតី Biden... នឹងមិនអនុញ្ញាតឱ្យឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានដកចេញពីបញ្ជីនោះទេ»

ជាចុងក្រោយ សេតវិមាន បានបន្តថា លោក Biden «ក៏បានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ច នៅប្រទេសអ៉ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ» ហើយមេដឹកនាំទាំងពីរនឹងរក្សាទំនាក់ទំនងល្អបែបនេះជាប្រចាំ៕