(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃចន្ទនេះបាននិយាយថាសហរដ្ឋអាមេរិកចង់ឱ្យយោធារុស្ស៉ី ចុះខ្សោយ ដើម្បីកុំឱ្យពួកគេបើកការឈ្លានពានជាថ្មីណាមួយ ហើយអ៊ុយក្រែនអាចនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាម ប្រសិនបើបំពាក់អាវុធ បានត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ការកត់សម្គាល់បែបនេះរបស់លោក អូស្ទីន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីរូបលោក និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែន ដែលជាដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលអាមេរិកជាលើកដំបូងបំផុត ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក អូស្ទីន បានសង្កត់ធ្ងន់ដូច្នេះថា «សហរដ្ឋអាមេរិកចង់ឱ្យយោធារុស្ស៉ី ចុះខ្សោយ ដើម្បីកុំឱ្យពួកគេបើកការឈ្លានពានជាថ្មីណាមួយ ហើយជាជំហានដំបូងនៅក្នុងជ័យជម្នះ នោះគឺអ្នក (អ៊ុយក្រែន) ត្រូវតែជឿជាក់លើ ខ្លួនឯងថាអ្នកអាចនឹងឈ្នះ។ យើងជឿជាក់យើងអាចនឹងឈ្នះ, ពួកគេអាចនឹងឈ្នះ ប្រសិនបើពួកគេត្រូវបានបំពាក់អាវុធត្រឹមត្រូវ និងមានការគាំទ្រ»

គួរបញ្ជាក់ថា បើតាមមន្ត្រីកំពូលអាមេរិកទាំង២រូប, មន្ត្រីការទូតអាមេរិកនឹងត្រឡប់ទៅកាន់ទីក្រុងកៀវវិញ ឆាប់ៗនេះ ហើយក៏បានប្រកាសផ្ដល់ជំនួយ យោធាបន្ថែម ៧១៣លានដុល្លារដល់អ៊ុយក្រែន និងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ៕