(តូក្យូ)៖ មន្ត្រីក្នុងតំបន់ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ស្រ្តីជនជាតិជប៉ុនម្នាក់ ដែលត្រូវបានទទួលស្គាល់ថា ជាមនុស្សដែលមានវ័យចំណាស់ជាងគេបំផុត របស់ពិភពលោកបានទទួលមរណភាពហើយ ក្នុងអាយុ១១៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោកយាយ កាណេ តាណាកា (Kane Tanaka) កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩០៣ នៅឯតំបន់ ហ្វូគូអូកា (Fukuoka) ភាគនិរតី ប្រទេសជប៉ុន។ លោកយាយ ត្រូវបានទទួលស្គាល់ដោយ គណៈកម្មការបំបែកឯកគ្គទកម្មពិភពលោក Guinness World Records ថាជាមនុស្សចាស់ជាងគេ កាលពីឆ្នាំ២០១៩។ លោកយាយ មានគម្រោង ប្រើរទេះរុញ ដើម្បីចូលរួមពិធីផ្ទេរភ្លើងគប់ នៃព្រឹត្តិការណ៍ អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២១ ប៉ុន្តែដោយសារជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យគម្រោងនេះ អាក់ខានទៅវិញ។

កាលពីក្មេង លោកយាយ Tanaka បានបើកអាជីវកម្មផ្សេងៗ រួមមានហាងគុយទាវ និងហាងបាយ ក្រោយមកបានរៀបការជាមួយ លោក ហ៊ីដេអូ (Hideo) នៅឆ្នាំ១៩២២ ហើយមានកូនចំនួន៤នាក់ និងកូនចិញ្ចឹមម្នាក់។ លោកយាយមានសុខភាពល្អ និងរស់នៅក្នុងមណ្ឌលថែទាំ ប៉ុន្តែទើបមានបញ្ហានៅមួយរយៈចុងក្រោយនេះ ដោយនៅថ្ងៃទី១៩ ខែមេសា កន្លងទៅ លោកយាយក៏បានទទួលមរណភាព ហើយក៏ទទួលបានការចូលរួមរំលែកមរណៈទុក្ខ ដោយអភិបាលតំបន់ផងដែរ។

គួរបញ្ជាក់ថា បើតាមកំណត់ត្រារបស់ពិភពលោក ជប៉ុនជាប្រទេស ដែលមានប្រជាជនវ័យចំណាស់ច្រើនជាងគេ គឺប្រហែល២៨ភាគរយ នៃប្រជាជនសរុប មានអាយុលើសពី៦៥ឆ្នាំ៕