(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅទីក្រុងវ៉ាស៉ីនតោនបានឱ្យដឹងថា ទីក្រុងមូស្គូទើបតែព្រមានសហរដ្ឋអាមេរិកជាថ្មីម្តងទៀត ប្រឆាំងនឹងការបន្តផ្តល់សព្វាវុធឱ្យទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) ដែលជាអគ្គរដ្ឋទូតរុស្ស៉ីខាងលើ បានថ្លែងប្រាប់ប៉ុស្តិ៍ទូរទស្សន៍រុស្ស៉ី Rossiya 24 ុុយ៉ាងដូច្នេះថា «យើងបានសង្កត់ធ្ងន់អំពីភាពមិនអាចទទួលយកបាន នៃស្ថានការណ៍នេះនៅពេលដែល សហរដ្ឋអាមេរិកបន្តបង្ហូរសព្វាវុធចូលទៅអ៊ុយក្រែន ហើយពួកយើងបានទាមទារឱ្យ បញ្ចប់សកម្មភាពបែបនេះ»។ បើតាមលោក Antonov កំណត់ទូតផ្លូវការ ត្រូវបានផ្ញើទៅកាន់ រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន ដើម្បីបង្ហាញពីក្តីកង្វល់របស់ភាគីរុស្ស៉ីហើយ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងមូស្គូកើតមានឡើង បន្ទាប់ពីប្រមុខការទូតនិងប្រមុខការពារជាតិអាមេរិក បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ហើយបានសន្យាផ្តល់ជំនួយយោធាថ្មីទៀតចំនួន ៧១៣លានដុល្លារ ដល់អ៊ុយក្រែននិងបណ្តាប្រទេសដទៃក្នុងតំបន់។

កន្លងទៅក្នុងខែមេសានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបតែបានប្រកាសរួចប៉ុណ្ណោះ អំពីការផ្តល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ដល់អ៊ុយក្រែន ហើយរួមបញ្ចូលអាវុធធ្ងន់ធ្ងរ ទៅក្នុងប្រព័ន្ធសព្វាវុធ ដែលត្រូវបញ្ជូនឱ្យទីក្រុងកៀវ។ ទីក្រុងមូស្គូ ក៏បានផ្ញើកំណត់ទូត និងព្រមានពីផលវិបាកម្តងរួចហើយដែរ ទាក់ទងបញ្ហានេះ ខណៈសេតវិមានបានហៅ ការព្រមានរបស់រុស្ស៉ីថា ជាការព្រមានដោយមាត់ទទេ៕