(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមផ្ញើសារអបអរសាទរចំពោះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានបន្តជាប់ឆ្នោតសម្រាប់អាណត្តិថ្មី បន្ទាប់ពីលោកបានផ្តួលគូប្រជែង គឺលោកស្រី ម៉ារីន ឡឺប៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង នៅក្នុងសារផ្ញើទៅកាន់លោក ម៉ាក្រុង លោក ពូទីន បាននិយាយយ៉ាងដូចគ្នាថា «ខ្ញុំសូមជូនពរដោយស្មោះពីចិត្ត ឱ្យអ្នកទទួលបានជោគជ័យ រាល់ការបំពេញភារកិច្ចសម្រាប់ប្រទេសជាតិ ព្រមទាំងមានសុខភាពនិង សុខុមាលភាពល្អជានិច្ច»។ ក្រៅពីលោក ពូទីន បណ្តាមេដឹកនាំពិភពលោកដទៃទៀត ក៏បានចូលរួមអបអរជ័យជម្នះលោក ម៉ាក្រុង ដែរ។

គួរបញ្ជាក់ថា ការចូលរួមសាទររបស់លោក ពូទីន កើតឡើង ស្របពេលដែលភាពតានតឹងនៅតែបន្ត រវាងក្រុមប្រទេសលោកខាងលិច និងប្រទេសរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយ៣ខែមកហើយ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ម៉ាក្រុង បានព្យាយាមរក្សា ការទាក់ទងជាប់ជាមួយលោក ពូទីន ដើម្បីជួយស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៉ី៕