(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ បានបញ្ជូនអនុរដ្ឋមន្រ្តីការបរទេស លោក ខេនតារ៉ូ អ៊ិស៊ូហ្គិ (Kentaro Uesugi) ទៅកាន់ប្រទេសដីកោះ សូឡូម៉ុន (Solomons) ចំពេលមានការព្រួយបារម្ភ អំពីកិច្ចព្រមព្រៀងសន្តិសុខ ដែលទើបត្រូវបានចុះហត្ថលេខា ជាមួយប្រទេសចិន ដែលអាចបង្កើនឥទ្ធិពលយោធារបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បានលើកឡើងយ៉ាងដូច្នេះថា «យើងជឿថា កិច្ចព្រមព្រៀងនេះ អាចប៉ះពាល់ដល់សន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ហើយយើងកំពុងតាមដានការអភិវឌ្ឍដោយក្តីបារម្ភ»។ ដោយឡែក ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅឯ Solomon ត្រូវបានគេរំពឹងថា នឹងបង្ហាញពីក្តីកង្វល់របស់ប្រទេសជប៉ុន ចំពោះកិច្ចព្រមព្រៀងនេះ រួមទាំងពិភាក្សាអំពីបញ្ហាទ្វេរភាគី និងតំបន់ផងដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខ ដែលចិន-សូឡូម៉ុន បានចុះហត្ថលេខា កាលពីសប្តាហ៍មុន ធ្វើឲ្យប្រទេសជិតខាង និងសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងប្រទេសជប៉ុនមានការភ័យខ្លាចអំពីការបង្កើនយោធា នៅក្នុងតំបន់។ ដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានព្រមានចាត់វិធានការ ប្រសិនបើកិច្ចព្រមព្រៀងសន្តិសុខនេះបង្ករការគំរាមកំហែង ដល់ផលប្រយោជន៍សហរដ្ឋអាមេរិក ឬ សម្ព័ន្ធមិត្តរបស់ខ្លួន៕