(ម៉ានីល)៖ ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមអនុម័តការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៤ សម្រាប់មនុស្សពេញវ័យ ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន បានបង្ហាញថា ជិត ៦១%នៃចំនួនប្រជាជនសរុបជាង ១១០លាននាក់របស់ប្រទេសហ្វីលីពីន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ខណៈជិត ១៣លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី៣។

រដ្ឋមន្ត្រីសុខាភិបាលហ្វីលីពីន លោក ហ្វ្រង់ស៉ីស្កូ ឌូកេ (Francisco Duque) បានគូសបញ្ជាក់ប្រាប់វេទិកាសាធារណៈយ៉ាងដូច្នេះថា «ដោយសារកម្រិតនៃការចាក់វ៉ាក់សាំងមានការកើនឡើង ប៉ុន្តែជំងឺ COVID-19 នៅតែមានវត្តមាន នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងអាចចាត់ទុកជំងឺនេះថា ជាជំងឺឆ្លងដោយតំបន់បាន»។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣.៦៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦០,០០០នាក់ និងអ្នកជាសះស្បើយជាង ៣.៦១លាននាក់។ យ៉ាងណាក្តី បច្ចុប្បន្ន អត្រាឆ្លងប្រចាំថ្ងៃនៅហ្វីលីពីន បានទាបចុះទាបយ៉ាងខ្លាំង គឺជាមធ្យមត្រឹមជាង២០០នាក់ប៉ុណ្ណោះ៕