(ព្រុចសែល)៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) នឹងស្វែងរកការបង្កើនការលក់ បរិក្ខារយោធាអឺរ៉ុប ទៅឱ្យប្រទេសឥណ្ឌា ហើយចាប់ផ្តើមកិច្ចចរចាឡើងវិញស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅពេលលោកស្រីជួបជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងទីក្រុងញូវដែលី (New Delhi) នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

បើតាមក្រុមមន្រ្តីសហភាពអឺរ៉ុប (EU), លោកស្រី von der Leyen នឹងពិនិត្យមើលថាតើមានជម្រើសអ្វីខ្លះដែលអាចផ្តល់ឲ្យឥណ្ឌា ខណៈ EU ចង់ឲ្យ មានការធ្វើទំនាក់ទំនងលើផ្នែកបច្ចេកវិទ្យា និងបញ្ចុះបញ្ចូលឥណ្ឌា ឲ្យចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកស្រីក៏មានគោលបំណងយល់ព្រមជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន ដ្រាម៉ូឌី (Narendra Modi) ដើម្បីបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាថ្មី ស្រដៀងនឹងគំរូរបស់អឺរ៉ុប-អាមេរិក (EU-US) ផងដែរ ដែលអាចពិភាក្សា អំពីឯកជនភាពឌីជីថល, បទប្បញ្ញត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម ជាដើម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុប គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីលើកទឹកចិត្តឥណ្ឌា ឲ្យកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ីចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។ សហភាពអឺរ៉ុប និងឥណ្ឌា ទំនងជានឹងយល់ព្រមបើកកិច្ចចរចា ពាណិជ្ជកម្មសេរីឡើងវិញ ដែលត្រូវបានជាប់គាំង ដោយសារការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនដូចជាការកាត់បន្ថយពន្ធ និងការការពារលើបណ្ណប៉ាតង់ ជាដើម បើទោះបីជាមានកិច្ចប្រជុំកំពូលរបស់ EU-ឥណ្ឌា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមកក៏ដោយនោះ៕